(ប៉េកាំង)៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស កំពុងព្យាយាមបញ្ជាក់ពីវត្តមាន និងទាក់ទាញការចាប់អារម្មណ៍ តាមរយៈគំរោង បញ្ជូននាវាចម្បាំងរបស់ខ្លួនមកកាន់តំបន់សមុទ្រចិនខាងត្បូងនៅខែក្រោយនេះ។ នេះបើតាមកាសែតចិន ដកស្រង់ ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។
«នាវាចម្បាំងអង់គ្លេសមួយគ្រឿង នឹងធ្វើដំណើរកាត់តាមសមុទ្រចិនខាងត្បូង ដើម្បីបញ្ជាក់សេរីភាពនាវាចរ»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ហ្គាវីន វីលៀមសុន (Gavin Williamson) នៅអំឡុងបំពេញដំណើរទស្សនកិច្ច មក កាន់ប្រទេសអូស្ត្រាលីកាលពីថ្ងៃអង្គារ។
ដោយឡែក ជុំវិញការលើកឡើងនេះដែរ កាសែតចិន Global Times បាន សម្ដែងការមិនពេញជាខ្លាំង។ ការសែតមួយនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «តាមរយៈសកម្មភាពប្រឆាំងចិន រដ្ឋមន្ត្រីការ ពារជាតិអង់គ្លេសកំពុងព្យាយាមបញ្ជាក់ពីវត្តមាន និងទាក់ទាញការចាប់អារម្មណ៍... ប៉ុន្តែបើសិនជាវាមិនមែនជាការបង្ករឿង នាវាចម្បាំងអង់គ្លេសគួរតែអនុវត្តន៍អាកប្បកិរិយាធម្មតា នៅពេលឆ្លងកាត់សមុទ្រចិនខាងត្បូង»។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងតែងតែចោទប្រកាន់ជារឿយៗចំពោះប្រទេសក្រៅតំបន់ ជាពិសេសគឺសហរដ្ឋអាមេរិក និងជប៉ុនថា មានចេតនាបង្កភាពចលាចល នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ខណៈចិន និងបណ្ដាប្រទេសជិតខាងជាភាគីជម្លោះ កំពុងស្វែងរកដំណោះស្រាយតាមផ្លូវការទូត៕