(វ៉ាស៊ីនតោន)៖ នៅក្នុងចំណោមកញ្ចប់ថវិកាស្នើសុំ ៩.៩ពាន់លានដុល្លារ សម្រាប់ឆ្នាំសាពើពន្ធ២០១៩ ទីភ្នាក់ងារការពារមីស៊ីលអាមេរិក (MDA) មានផែនការយកថវិកា ៦៦លានដុល្លារ ទៅអភិវឌ្ឍន៍យន្ដហោះគ្មានមនុស្សបើក ឬដ្រូនបំពាក់ បច្ចេកវិទ្យាឡាស៊ែរ (Laser) ដែលអាចប្រើប្រាស់កម្ទេចមីស៊ីលផ្លោង ក្នុងរយៈពេលខ្លីក្រោយត្រូវបានបាញ់ ឬមុនពេល ហោះឡើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាម MDA លុយ ៦១លានដុល្លារ នឹងត្រូវចាយសម្រាប់ការអភិវឌ្ឍឡាស៊ែរ ទុកបំពាក់លើយន្ដហោះដ្រូនឈ្មោះ Low Power Laser Demonstrator (LPLD) ខណៈ០៥លានដុល្លារទៀត គឺដើម្បីបង្កើនថាមពលឡាស៊ែរដែលអាចមាន សមត្ថភាពបាញ់កម្ទេញគ្រាប់មីស៊ីលផ្លោង។ «LPLD ប្រើប្រាស់បច្ចេកវិទ្យាឡាស៊ែរ ដូចគ្នានឹងបច្ចេកវិទ្យាបណ្ដាញទំនាក់ទំនង fibers អុបទិច ហើយការបង្កើតឡាស៊ែរដ៏មានអនុភាព តាមរយៈការប្រើប្រាស់ fibers រឹង គឺជារឿងបញ្ហាសមញ្ញនៃការបញ្ចូល ហ្វៃប៊ឺស៍ (fibers) ជាច្រើនទៅក្នុងវាតែប៉ុណ្ណោះ»។ នេះបើតាម MDA។
គួរបញ្ជាក់ថា បើតាម MDA យន្ដហោះដ្រូន LPLD ត្រូវមានសមត្ថភាពធន់នៅរយៈកម្ពស់ ៦៣,០០០ feet (១៩គីឡូម៉ែត្រ), មានការស៊ូទ្រាំក្នុងការហោះហើរ រយៈពេល ៣៦ម៉ោង ព្រមទាំងអាចផ្ទុកទម្ងន់បាន ៥,០០០ Pounds (២,២៦៧គីឡូក្រាម) និងមានកាណុងឡាស៊ែរ ពី ១៤០ ដល់ ២៨០គីឡូវ៉ាត់ផងដែរបំពាក់នៅលើវា៕