(វ៉ាស៊ីនតោន)៖ ជាថ្មីម្តងទៀតសំណើកញ្ចប់ថវិកាជាតិ របស់រដ្ឋាភិបាលអាមេរិក សម្រាប់ឆ្នាំ២០១៩ នៅតែមិនរវីរវល់ពីបេសកកម្មតាមប្រមាញ់រុករកជីវិត នៅលើព្រះច័ន្ទ Europa របស់ភពព្រហស្បតិ៍ (Jupiter) ដដែល ប៉ុន្តែទីភ្នាក់ងារអវកាស NASA នៅតែចង់ឃើញវាលេចចេញជារូបរាងពិតប្រាកដ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយអវកាស-វិទ្យាសាស្រ្ត Space.com នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។
សំណើសុំការទម្លាក់កញ្ចប់ថវិកាពីសភាខាងលើនេះ បែងចែកប្រាក់ ១៩.៩ពាន់លានដុល្លារ ទៅឲ្យទីភ្នាក់ងារអវកាស NASA សម្រាប់ឆ្នាំ២០១៩ ហើយរៀបរាប់លម្អិតពីគម្រោងរបស់ NASA ដើម្បីបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទសាជាថ្មី ដោយវាគឺជាការផ្តោតសំខាន់ ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសកាលពីខែធ្នូ ឆ្នាំ២០១៧។
ដោយកាត់ចោល បេសកកម្មផ្នែកវិទ្យាសាស្រ្តផែនដីចំនួន ០៥ និងបេសកកម្មកែវយឺតអវកាស Wide-Field Infrared Survey ព្រមទាំងដកការយកចិត្តទុកដាក់ ចំពោះស្ថានីយអវកាសអន្តរជាតិ (ISS) នៅឆ្នាំ២០២៥ សំណើដដែលនេះ នឹងបន្តផ្តល់មូលនិធិសម្រាប់ផែនការស្រាវជ្រាវភព ដូចជាបេសកកម្ម Mars 2020 Rover ក៏ដូចជាគម្រោង Europa Clipper ដែលជាបេសកកម្មហោះឆ្វែលតម្លៃពីរពាន់លានដុល្លារ ទៅកាន់ព្រះច័ន្ទ Europa ដែលនឹងចាប់ផ្តើមនៅខ្ទង់ឆ្នាំ២០២០។
ប៉ុន្តែដូចទៅនឹងឆ្នាំមុនដែរ បេសកកម្មដៃគូរបស់វា Europa Lander (គម្រោងបញ្ជូនយានចុះចតលើ Europa) ដែលអង្គការ NASA កំពុងអភិវឌ្ឍន៍នោះ ពុំទទួលបានមូលនិធិឧបត្ថម្ភអ្វីឡើយ ដែលប្រការនេះវាមានន័យថា យានចុះចត និងត្បុលចូលផ្ទៃ Europa នោះនឹងមិនលេចរូបរាងនៅឆ្នាំ២០២០ ដូចការគ្រោងទុកនោះឡើយ។
គួរជម្រាបថា ទោះជាបែបនេះក្តី NASA នៅតែមានបំណងចង់ឲ្យបេសកកម្ម Europa Lander អាចចេញដំណើរដូចក្តីរំពឹងដដែល ខណៈការចំណាយសម្រាប់យានចុះចតនេះ នៅពុំទាន់កំណត់ច្បាស់ឡើយ តែបើតាមការប៉ាន់ស្មាន វាអាចត្រូវចំណាយប្រហែលខ្ទង់ដូចទៅនឹង Europa Clipper ដែរ។ ដោយឡែក សំណើថវិកាឆ្នាំ២០១៩នេះ នឹងត្រូវឆ្លងកាត់ការអនុម័តយល់ព្រមពីសភា អាមេរិកជាមុនសិន ដូច្នេះហើយ អ្វីៗអាចនឹងត្រូវផ្លាស់ប្តូរប្រែប្រួលក៏ថាបានដែរ៕