(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានអនុម័តលើការប្រើប្រាស់កញ្ចប់ថវិកា ជាប់កំណត់ត្រាថ្មីមួយគឺជាង ២.៦៤លានដុល្លារ សម្រាប់ការទទួលស្វាគមន៍ក្រុមប្រតិភូ និងអត្តពលិកកូរ៉េខាងជើងរាប់រយនាក់ នៅអំឡុងការប្រកួតកីឡាអូឡាំពិករដូវរងានៅឯទីក្រុង ព្យឿងចាង (Pyeongchang)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង កញ្ចប់ថវិកាខាងលើ នឹងត្រូវចំណាយលើការស្នាក់នៅ និងហូបចុករបស់អត្តពលិក អ្នកសម្ដែងតៃខ្វាន់ដូ អ្នកសារព័ត៌មាន និងក្រុមតន្ត្រីកូរ៉េខាងជើងមានគ្នាជាង ៤២៤នាក់ ដែលបាន ឬកំពុងបន្តធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង។ ប៉ុន្តែនេះមិនបានរាប់បញ្ចូលលើការចំណាយ ក្នុងការធ្វើបដិសណ្ឋារកិច្ចប្រតិភូជាន់ខ្ពស់ កូរ៉េខាងជើង រួមមានទំាងប្អូនស្រីលោក គីម ជុងអ៊ុន កាលពីសប្ដាហ៍មុនឡើយ។
គួររំលឹកថា ការអនុម័តលើកញ្ចប់ថវិកានៅថ្ងៃពុធនេះ បានជាប់កំណត់ត្រាថ្មីមួយ ពោលគឺកាលពីឆ្នាំ២០០២ កូរ៉េខាងត្បូងបានចំណាយប្រាក់ត្រឹមតែ ១.៣៥ពាន់លាវ៉ុន (១.២លានដុល្លារ) ប៉ុណ្ណោះ សម្រាប់ទទួលអត្តពលិកកូរ៉េខាងជើង ៦៥០នាក់ នៅអំឡុងព្រឹត្តិការណ៍កីឡាអាស៊ី នៅឯទីក្រុងកំពង់ផែប៊ូសាន (Busan)៕