(អ៊ីស្រាអែល)៖ ស្ថាប័នប៉ូលិសជាតិអ៊ីស្រាអែលបាននិយាយថា លោកនាយករដ្ឋមន្ត្រី ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) គួរតែត្រូវបានចោទប្រកាន់ជាផ្លូរការពីបទពុករលួយ បើទោះជាលោកធ្លាប់បានបដិសេធជាច្រើនដងក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ស្ថាប័នប៉ូលិសអ៊ីស្រាអែល ក៏បានបញ្ជាក់ដែរថា ពួកគេមានភស្ដុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ លោក Netanyahu ពីបទប្រព្រឹត្តអំពើពុករលួយ ក្លែងបន្លំ និងរំលោភលើសេចក្ដីទុកចិត្ត ក្នុងសំណុំរឿងពីរករណី ដាច់ដោយឡែកពីគ្នា។ តែយ៉ាងណាក៏ដោយ ថ្លែងនៅតាមកញ្ចក់ទូរទស្សន៍អ៊ីស្រាអែល លោក Netanyahu បានអះអាងថា ការចោទប្រកាន់លើរូបលោកគ្មានមូលដ្ឋាន ហើយថាលោកនឹងនៅតែបន្តការងារជានាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា លោក Netanyahu ត្រូវបានគេចោទពីបទពុករលួយចំនួនពីរករណី។ ទីមួយលោកត្រូវគេចោទថា បានស្នើឱ្យអ្នកបោះពុម្ភកាសែតអ៊ីស្រាអែលម្នាក់ ឈ្មោះ យេឌីយ៉ូត អាហារ៉ូណូត (Yediot Aharonot) ជួយចុះផ្សាយពីរឿងវិជ្ជមានរបស់លោក រីឯទីពីរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះត្រូវគេចោទថា បានទទួលអំណោយជាង ២៨៣,០០០លានដុល្លារ ពីមហាសេដ្ឋីអ៊ីស្រាអែល លោក អាណុន មីលចាន់ (Arnon Milchan) ជាថ្នូរនឹងការជួយឱ្យលោក Milchan ទទួលបានទិដ្ឋាការអាមេរិកកាលពីអំឡុង ឆ្នាំ២០០៩ ៕