(សេអ៊ូល)៖ «យើងសង្ឃឹមថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែនអ៉ិន អាចទុករឿងចាស់ដែលធ្លាប់កើតមានជាច្រើនជំនាន់មកហើយនោះមួយឡែកសិន ហើយងាកមកបើកទំព័រយុគសម័យថ្មីនៃការបង្រួបបង្រួម» នេះជាការលើកឡើងរបស់អ្នកនាង គីម យូជុង ប្អូនស្រីបង្កើតរបស់កំពូលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានជំរុញលើកទឹកចិត្តប្រធានាធិបតីកូរ៉េខាងត្បូង ឱ្យផ្លាស់ប្តូរឥរិយាបទដើម្បីចងភ្ជាប់សម្ព័ន្ធភាពជាមួយកូរ៉េខាងជើង។ ការលើកឡើងរបស់អ្នកនាង គីម យ៉ុងជុង ត្រូវបានធ្វើឡើង ស្របពេលដែលលោក មូន ជែអ៉ិន បានទទួលលិខិតអញ្ជើញដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ស្នើសុំឱ្យចូលរួមកិច្ចប្រជុំកំពូលនាពេលណាមួយ ក្នុងឆ្នាំ២០១៨នេះ។
តើតាមរយៈការបន្ទន់ឥរិយាបថជាប្រវត្តិសាស្ត្ររបស់កូរ៉េខាងជើង អាចក្លាយជាការបើកច្រកទ្វាយុគសម័យថ្មី នៃការភ្ជាប់ទំនាក់ទំនងនយោបាយជិតស្និទ្ធរវាងគូសត្រូវទាំងពីរឬទេ? បញ្ហនេះត្រូវពឹងផ្អែកលើតួអង្គទាំងបី ក្នុងនោះរួមមានកូរ៉េខាងត្បូង កូរ៉េខាងជើង និងជាពិសេសសហរដ្ឋអាមេរិក។ បើវាយតម្លៃទៅលើគោលបំណងប្រទេសកូរ៉េខាងជើង ដោយពឹងផ្អែកឥរិយាបទថ្មីៗ ដូចជាការបញ្ជូនក្រុមតន្រ្តីដែលមានសមាជិក១៤០នាក់ ក្រុមគាំទ្រចំនួន២០០ នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់រួមទាំងប្អូនស្រីបង្កើតរបស់ខ្លួន ទៅកាន់ប្រទេស កូរ៉េខាងត្បូង អាចឱ្យយើងសន្និដ្ឋានបានខ្លះៗថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង ទំនងកំពុងសំឡឹងរកមើលផ្លូវដើរថ្មីមួយ ដើម្បីបង្កើតទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលក្រុង សេអ៊ូល ដើម្បីផលប្រយោជន៍អ្វីម្យ៉ាង។
វាជារឿងសមហេតុសមផលមួយសម្រាប់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ក្នុងការចាប់ផ្តើមឡើងវិញនូវ ចំណងទាក់ទងជាមួយប្រទេសកូរ៉េខាងត្បូង ដែលអតីតជាបងប្អូនរបស់ខ្លួន ព្រោះថាការបង្កើនទំនាក់ទំនងល្អជាមួយញាតិជិតខាង វាប្រសើរជាការចងមិត្តជាមួយអ្នកដែលនៅឆ្ងាយ។ ទំនាក់ទំនងប្រសើររវាងកូរ៉េទាំងពីរ នឹងកាត់បន្ថយសម្ពាធសេដ្ឋកិច្ចបានខ្លះ ព្រមទាំងបញ្ឈប់ភាពឯការរបស់ខ្លួនលើឆាកអន្តរជាតិ។
កូរ៉េខាងជើង អាចគេងបានស្កប់ស្កល់ជាងមុន ប្រសិនបើអាចបង្កើតទំនាក់ទំនងល្អជាមួយប្រទេសជិតខាងមួយនេះ។ ប្រទេសកុម្មុយនីសមួយនេះអាចនឹងទទួលបានភាពកក់ក្ដៅបន្តិច បន្ទាប់ពីអាចផ្សះផ្សាទំនាស់ជាមួយប្រទេស កូរ៉េខាងត្បូង។ ម្យ៉ាងទៀត ប្រសិនបើប្រទេស កូរ៉េខាងជើង អាចទាញយកកូរ៉េខាងត្បូង មកធ្វើជាដៃជើងរបស់ខ្លួនដោយជោគជ័យនោះ ទោះចង់ឬមិនចង់ ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ច្បាស់ជាត្រូវមានគំលាតជាងមុនដោយស្វ័យប្រវត្តិ។
សម្រាប់ប្រទេស កូរ៉េខាងត្បូង វិញ បើទោះបីការប្រឈមមុខជាមួយ កូរ៉េខាងជើង ក្លាយជារឿងកេរ្តិ៍ដំណែលយូរអង្វែងមកហើយ ម្យ៉ាងទៀតប្រសិនបើកូរ៉េខាងត្បូងអាចទប់ស្កាត់មហិច្ឆតា នុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាងបាននោះ កូរ៉េខាងត្បូងនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាពក្តី ប៉ុន្តែពេលខ្លះ កូរ៉េខាងត្បូង ក៏ហ៊ានទុកចោលក្តីស្រមៃរបស់ខ្លួនមួយឡែកសិន ហើយងាកមកចរចាដោយសន្តិវិធី ព្រមទាំងចូលរួមស្វែងរកដំណោះស្រាយទម្លុះភាពទាល់ច្រកនៅឧបទ្វីបកូរ៉េ ដែលជាគោលដៅសំខាន់មួយសម្រាប់កូរ៉េខាងត្បូង។ នេះមិនត្រឹមតែជារូបភាពឬការសម្តែងនោះទេ តែការផ្លាស់ប្តូរផ្នត់គំនិតក្នុងអំឡុងនៃកិច្ចសន្ទនា ដើម្បីឈានទៅរកកិច្ចចរចារប្រសើរជាងមុនលើបញ្ហាសំខាន់ៗផ្សេងៗ។ ជាពិសេសភាពជាប់គាំង នៃការដោះស្រាយវិបត្តិនុយក្លេអ៊ែរ នៅកូរ៉េខាងជើង ជាថ្នូរនឹងការលុបបំបាត់នូវការគំរាមកំហែងពីសហរដ្ឋអាមេរិក។
យ៉ាងហោចណាស់ការភ្ជាប់ទំនាក់ទំនងជាមួយកូរ៉េខាងជើង ដោយការប្រកួតកីឡាអូឡាំពិក PyeongChang រួមគ្នា ក៏បានចូលរួមបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានមួយរយៈ។ ម្យ៉ាងវិញទៀត ការគំរាមកំហែងដោយយោធាអាមេរិក យ៉ាងហោចណាស់ត្រូវបានកាត់បន្ថយជាបណ្តោះអាសន្ន។ បញ្ហាអាទិភាពរបស់កូរ៉េខាងត្បូង គឺដើម្បីបញ្ចៀសសង្រ្គាម ព្រោះវាអាចបង្កឱ្យមានចំនួនអ្នកស្លាប់ និងការខូចខាតយ៉ាងធំសម្បើមនៅក្នុងទីក្រុងសេអ៊ូល។ ហេតុនេះការចងភ្ជាប់ទំនាក់ទំនងជាមួយកូរ៉េខាងជើង គួរតែចាត់ទុកជាជម្រើសអាទិភាពមួយសម្រាប់កូរ៉េខាងត្បូង។
ប៉ុន្តែកុំភ្លេចថា តើសហរដ្ឋអាមេរិក អនុញ្ញាតឱ្យគោលបំណងភ្ជាប់ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលទីក្រុងសេអ៊ូល និងក្រុង ព្យុងយ៉ាង បានសម្រេចដែរឬទេ?
លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក មិនបានលាក់បាំងនូវភាពមិនសប្បាយចិត្តរបស់លោកជាមួយ នឹងការវិវត្តន៍ថ្មីៗក្នុងទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងឡើយ តាមរយៈការមិនទទួលទានអាហារពេលល្ងាចដែលរៀបចំដោយ ប្រធានាធិបតីកូរ៉េខាងត្បូង ហើយថែមទាំងបដិសេធមិនចាប់ដៃជាមួយមន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាល ក្រុងព្យុងយ៉ាងក្នុងនោះរួមទាំងអ្នកនាង គីម យ៉ូជុង ផងដែរ។
ផ្ទុយទៅវិញ អនុប្រធានាធិបតីលោក Pence បែរជាចំណាយពេលជួបប្រជាពលរដ្ឋកូរ៉េខាងជើង ដែលលួចជម្លៀសខ្លួនចេញពីប្រទេសកំណើតរបស់ខ្លួន។ លោកថែមទាំងបាននាំលោក Fred Warmbier ដែលជាឪពុកជនជាតិអាមេរិកម្នាក់ដែលបានដែលបានស្លាប់ បន្ទាប់ពីត្រូវបានដោះលែងដោយក្រុងព្យុងយ៉ាង ឱ្យរួមដំណើរជាមួយលោកទៅវិញ។ ជាងនេះទៅទៀតនោះ លោកថែមទាំងបានលើកឡើងអំពីការបន្ថែមដាក់ទណ្ឌកម្ម ប្រឆាំងនឹងកូរ៉េខាងជើងថែមទៀតផង។ លោក Pence បានបង្ហាញសារយ៉ាងច្បាស់ថា សហរដ្ឋអាមេរិក ប្រកាន់ជំហរមិនចូលរួមក្នុងកិច្ចចរចាជាមួយកូរ៉េខាងជើងឡើយ ដរាបណារដ្ឋាភិបាលក្រុងព្យុងយ៉ាង គ្មានការប្តេជ្ញាចិត្តក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរទេនោះ។
សហរដ្ឋអាមេរិក នៅតែប្រកាន់យកគោលនយោបាយរបស់ខ្លួនដោយដាក់សម្ពាធអតិបរិមា ទៅលើប្រទេសកូរ៉េខាងជើង ដែលផ្ទុយស្រឡះទៅនឹងការឆ្លើយតបដ៏កក់ក្តៅពីសំណាក់លោក ម៉ូន ជែអ៉ិន នាពេលថ្មីៗនេះក្នុងបំណងព្យាយាមផ្សះផ្សារទំនាក់ទំនងល្អចំពោះលោកគីមជុងអ៊ុន។ ជាមួយនឹងការផ្លាស់ប្តូរឥរិយាបទថ្មី រវាងកូរ៉េទាំងពីរ តើសហរដ្ឋអាមេរិកនឹងនៅតែបន្តចង់ធ្វើសមយុទ្ធយោធា ភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិក ដែរឬទេ បើសិនជារដ្ឋាភិបាលក្រុងសេអ៊ូល បង្កើតបានទំនាក់ទំនងប្រកបដោយផ្លែផ្កាជាមួយកូរ៉េខាងជើងនោះ?
ហេតុនេះយើងអាចសន្និដ្ឋានបានថា សន្លឹកបៀសំខាន់នៃបញ្ហានេះស្ថិតក្នុងដៃសហរដ្ឋអាមេរិក។ មានន័យថា ស្ថានភាពបែបណាក្តី មានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអាចកំណត់បាន។ សំណួរថាតើទំនាក់ទំនងដ៏កក់ក្ដៅបច្ចុប្បន្នរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងមានអាយុកាលត្រឹមតែរយៈពេលខ្លី ឬអាចឈានទៅរកការកាត់បន្ថយភាពតានតឹង បានយ៉ាងពិតប្រាកដឬទេ?
តើវាជាយុគសម័យថ្មី នៃការបង្រួបបង្រួមនៅឧបទ្វីបកូរ៉េ ឬយ៉ាងណា? ចម្លើយគឺ ស្ថានភាពទាំងអស់មិនមែនពឹងផ្អែកតែទៅលើកូរ៉េទាំងពីរនោះទេ ផ្ទុយទៅវីញត្រូវពឹងផ្អែកលើសេចក្តីសម្រេចចិត្ត និងឥរិយាបទសហរដ្ឋអាមេរិក៕
បកប្រែ និងសម្រួលដោយ៖ អ៉ិត ចណ្ណា