(អាហ្រ្វិកខាងត្បូង)៖ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Jacob Zuma បានយល់ព្រមទទួលយកគោលការណ៍ចុះចេញពីតំណែងហើយ ដោយលោកមានរយៈពេលពី០៣ ទៅ០៦ខែ ដើម្បីលាលែងតំណែងជាប្រធានាធិបតី អាហ្វ្រិកខាងត្បូង។ នេះបើតាមគណបក្សកាន់អំណាចរបស់លោកដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
គណបក្សកាន់អំណាច African National Congress (ANC) បានស្នើសុំជាផ្លូវការឱ្យលោក Jacob Zuma លាលែងពីដំណែង បន្ទាប់ពីប្រជាប្រិយភាពគណបក្សមួយនេះធ្លាក់ចុះ ជាបន្តបន្ទាប់ ដោយសារតែរឿងអាស្រូវពុករលួយរបស់ប្រធានាធិបតីរូបនេះ។ តែបើទោះជាលោក Zuma យល់ព្រមទទួលយកគោលការណ៍លាលែងពីតំណែងក៏ដោយ ប៉ុន្តែនិតិវិធីលាលែងអាចនឹងត្រូវចំណាយពេលពី០៣ ទៅ០៦ខែ។
គួរបញ្ជាក់ថា លោក Jacob Zuma មានអាយុ៧៥ឆ្នាំ បានឡើងកាន់អំណាចជាប្រធានាធិបតីអាហ្រ្វិកខាងត្បូងចាប់តាំង ពីឆ្នាំ២០០៩មកម្ល៉េះ។ តែនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានជាប់ផុងដកខ្លួនស្ទើតែមិនរួចក្នុងរឿងអាស្រូវពុករលួយ បើទោះជាលោកបដិសេធជាច្រើនដងក៏ដោយ៕