(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីបំផុតសាលក្រមរបស់តុលាការកូរ៉េខាងត្បូង បានចេញមកហើយនៅរសៀលថ្ងៃអង្គារនេះ ដោយមិត្តភក្តិជិតដិត បំផុតរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ឈ្មោះ ឆយ ស៊ូនស៊ីល ត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ ២០ឆ្នាំ ពីបទពុករលួយ ក្លែងបន្លំមូលនិធិសាធារណៈ និងលូកលាន់កិច្ចផ្ទៃក្នុងរដ្ឋ៕
២៖ ខណៈតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កំពុងខិតខំព្យាយាមបើកការស៊ើបអង្កេតបឋមមួយ ទៅលើយុទ្ធនាការ ប្រឆាំងបទល្មើសគ្រឿងញៀនរបស់ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បុរសខ្លាំងហ្វីលីពីនរូបនេះបានប្រកាសក្តែងៗ ថាសង្រ្គាមបង្រ្កាបគ្រឿងញៀនខុសច្បាប់ នៅក្នុងប្រទេសរបស់លោក នឹងនៅតែបន្តទៅមុខដដែល៕
៣៖ ប្រទេសម៉ូហ្សាំប៊ិក (Mozambique) នាដើមសប្តាហ៍នេះ បានទទួលលិខិតអញ្ជើញឲ្យទៅចូលរួម ក្នុងកិច្ចប្រជុំកំពូល ISA ដែលនឹងប្រារព្ធឡើងនៅរដ្ឋធានីញូដេលី នៃប្រទេសឥណ្ឌា ដោយសារតែកិច្ចប្រឹងប្រែងរបស់ខ្លួន សំដៅបង្កើនការប្រើប្រាស់ថាមពលនៅក្នុងប្រទេស ទីបំផុតត្រូវបានទទួលស្គាល់ ហើយការចូលជាសមាជិកនៃ ISA ត្រូវបានផ្តល់សច្ចាប័ន៕
៤៖ កូនប្រសារស្រីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺអ្នកនាង វេណែស្សា ត្រាំ (Vanessa Trump) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងបានបើកមើលសំបុត្រមួយ ផ្ទុកដោយម្សៅពណ៌ស ដែលគេផ្ញើឱ្យប្ដីរបស់ខ្លួន៕
៥៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសឲ្យដឹងថា យានអវកាស New Horizon របស់ខ្លួន ទើបតែបានថតយករូបភាព ដែលឆ្ងាយបំផុតពីផែនដី ដែលបំណែកកំណត់ត្រាកាលពីមុន ដោយរូបភាព Pale Blue Dot របស់យានអវកាស Voyager 1 ដែលថតកាលពីឆ្នាំ១៩៩០៕
៦៖ កងកម្លាំងឃើដស៊ីរីបានឱ្យដឹងថា ប្រតិបត្តិការរបស់យោធាតួកគី ប្រឆាំងក្រុមអ្នកប្រយុទ្ធឃើដស៊ីរី ក្នុងទីក្រុង អាហ្វ្រីន (Afrin) ភាគខាងជើងប្រទេសមជ្ឈិមបូព៌ាមួយនេះ បានផ្ដាច់យកអាយុជីវិតជនស៊ីវិល ១៨០នាក់ និង ៤១៣នាក់ ផ្សេងទៀតរងរបួស ក្នុងរយៈពេលតែជាង ២០ថ្ងៃប៉ុណ្ណោះ៕