(អាហ្វហ្គានីស្ថាន)៖ អាជ្ញាធរអាហ្វហ្គានីស្ថានបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធ ៤៣នាក់ ត្រូវបានសម្លាប់ និងច្រើនជាង ២០នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសនៅឯខេត្ត កាន់ដាហារ (Kandahar) ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងប្រាប់ស៊ីនហួរ នៅថ្ងៃអង្គារនេះ ប្រធានប៉ូលិសក្នុងខេត្ត Kandahar លោក អាប់ឌុល រ៉ាហ្ស៊ីក (Abdul Raziq) បានបញ្ជាក់យ៉ាងដូច្នេះថា «កងទ័ពអាកាសអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារតាមផ្លូវអាកាស លើគោលដៅជាច្រើនរបស់ក្រុមសកម្មប្រយុទ្ធ តាលីបង់ បន្ទាប់ពីពួកគេបានលួចវាយឆ្មក់ លើប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងក្នុងស្រុក Nesh នៃភាគខាងជើងខេត្ត Kandahar កាលពីយប់ថ្ងៃចន្ទ»។
លោក Raziq បន្ថែមថា «យានយន្ដ និងបរិកា្ខយោធាមួយចំនួនរបស់ក្រុមតាលីបង់ ក៏ត្រូវបានបំផ្លាញក្នុងការវាយប្រហារតាមផ្លូវអាការនេះដែរ»។ ប៉ុន្តែក្រុមតាលីបង់មិនបានអត្ថាធិប្បាយអ្វីនោះទេ ជុំវិញការអះអាងនេះ។
គួរបញ្ជាក់ថា ស្ថានភាពសន្តិសុខក្នុងខេត្ត Kandahar ជាអតីតដែនដីតាលីបង់ ត្រូវបានកែលម្អឡើងវិញបន្តិច នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈកងកម្លាំងរដ្ឋាភិបាលទីក្រុងកាប៊ុល បានដឹកនាំប្រតិបត្តិការតាមប្រមាញ់ នៅទូទាំងខេត្តមួយនេះ៕