(ម៉ានីល)៖ ខណៈតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កំពុងខិតខំព្យាយាមបើកការស៊ើបអង្កេតបឋមមួយ ទៅលើយុទ្ធនាការប្រឆាំងបទល្មើសគ្រឿងញៀនរបស់ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បុរសខ្លាំងហ្វីលីពីនរូបនេះ បានប្រកាសក្តែងៗថា សង្រ្គាមបង្រ្កាបគ្រឿងញៀនខុសច្បាប់ នៅក្នុងប្រទេសរបស់លោក នឹងនៅតែបន្តទៅមុខដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងនៅអំឡុងការធ្វើសុន្ទរកថាមួយ កាលពីយប់ថ្ងៃចន្ទម្សិលមិញ លោក ឌូតឺតេ បានបញ្ជាក់ថា រូបលោកគ្មានគម្រោងបញ្ឈប់យុទ្ធការដ៏បង្ហូរឈាមរបស់លោកឡើយ ដោយនិយាយថា បញ្ហាគ្រឿងញៀននៅហ្វីលីពីន គឺជារឿងធ្ងន់ធ្ងរយ៉ាងខ្លាំង មិនអាចបន្ធូរបន្ថយដៃបានឡើយ។
លោក ឌូតឺតេ បានលើកឡើងច្បាស់ៗយ៉ាងដូច្នេះថា «សង្រ្គាមប្រឆាំងនឹងគ្រឿងញៀន នឹងមិនអាចបញ្ឈប់ឡើយ ហើយវានឹងបន្តរហូតទាល់តែដល់ថ្ងៃខ្ញុំ ចុះចេញពីកៅអីប្រធានាធិបតី»។ ដោយឡែក កាលពីសប្តាហ៍មុន អ្នកនាំពាក្យលោក ឌូតឺតេ បានប្រកាសថា ICC កំពុងប៉ុនប៉ងបើកការស៊ើបអង្កេតមួយ ទៅលើយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មគ្រឿងរបស់លោក ឌូតឺតេ។
គួរជម្រាបថា ការប្រកាន់ជំហរយ៉ាងម៉ឹងម៉ាត់បែបនេះ ត្រូវបានធ្វើឡើង ចំពេលដែលមានព័ត៌មានថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានចេញបទបញ្ជាមួយ ដែលបានទទួលរងការរិះគន់ និងថ្កោលទោសយ៉ាងគំហុក ពីក្រុមការពារសិទ្ធិមនុស្ស និងសិទ្ធិស្រ្តី៕