(វ៉ាស៊ីនតោន)៖ សំណើកញ្ចប់ថវិកាឆ្នាំ២០១៩ សម្រាប់អង្គការ NASA បានកំណត់ជាផ្លូវការឲ្យទីភ្នាក់ងារអវកាសនេះ ប្រគល់កិច្ចការទាក់ទងនឹងសកម្មភាពបញ្ជូនមនុស្សឡើងចុះ ស្ថានីយអវកាសអន្តរជាតិ ISS នៅគន្លងកម្រិតទាបរបស់ផែនដី ឲ្យក្រុមហ៊ុនអវកាសឯកជនជាអ្នកកាន់កាប់វិញ ដើម្បីផ្តោតសំខាន់ទៅលើគម្រោងទៅឋានព្រះច័ន្ទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយអវកាស-វិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
សំណើកញ្ចប់ថវិកាខាងលើ ដែលត្រូវបានដាក់ចេញនាថ្ងៃចន្ទសប្តាហ៍នេះ បានបែងចែកទឹកប្រាក់ប្រមាណ ១៩.៩ពាន់លានដុល្លារ ទៅឲ្យអង្គការ NASA ដែលចំនួននេះ មានការកើនឡើង ៣៧០លានដុល្លារ ពីការស្នើកញ្ចប់ថវិកាកាលពីឆ្នាំមុន។
ស្របពេលជាមួយគ្នា សំណើដដែលនេះ បានកំណត់កាត់បន្ថយការផ្តល់មូលនិធិសម្រាប់ ស្ថានីយអវកាសអន្តរជាតិ ISS នៅឆ្នាំ២០២៥ ហើយទម្លាក់តែ ១៥០លានដុល្លារប៉ុណ្ណោះ ដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍមន្ទីរពិសោធន៍បែបពាណិជ្ជកម្មថ្មី នៅក្បែរគន្លងផែនដី សម្រាប់ការប្រើប្រាស់ដោយវិស័យឯកជន និងទីភ្នាក់ងារអវកាស NASA។
ប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក NASA នឹងបាញ់បញ្ជូនបំណែកផ្សំមួយកំណាត់ នៃស្ថានីយ៍អវកាសនៅក្បែរឋានព្រះច័ន្ទ របស់ NASA ដែលបានគ្រោងទុក នៅឆ្នាំ២០២០ ហើយក្រុមអវកាសយានិក នឹងចេញបេសកកម្ម ទៅជិតឋានព្រះច័ន្ទ ដោយប្រើយាន Orion និងគ្រាប់រ៉ុក្កែត SLS របស់ខ្លួននៅឆ្នាំ២០២៣។
គួរជម្រាបថា ខាងលើនេះគ្រាន់តែជាសំណើកញ្ចប់ថវិកាប៉ុណ្ណោះ ដោយវាត្រូវតែឆ្លងកាត់ការអនុម័តយល់ព្រមពីសភាជាមុនសិន ហើយវាក៏អាចមានការកែប្រែខ្លះៗ នៅពេលខាងមុខផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺគំរោងខាងលើនេះ ពិតជាស្របទៅតាមអ្វីដែលបានចុះផ្សាយថា អាមេរិកនឹងដាក់ស្ថានីយអវកាសអន្តរជាតិ ISS ឲ្យវិស័យឯកជនចូលមកធ្វើការវិនិយោគ៕