(ម៉ានីល)៖ ប្រធានាធិបតីមាត់ឆៅនៃប្រទេសហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានរងការរិះគន់យ៉ាងចាស់ដៃ ក្រោយពីចេញបញ្ជាដ៏គួរឲ្យភ្ញាក់ផ្អើលមួយដល់កងកម្លាំងប្រដាប់អាវុធរបស់លោក ពោលគឺបុរសខ្លាំងហ្វីលីពីនរូប បានប្រាប់ឲ្យយោធា កុំបាញ់សម្លាប់ក្រុមស្រ្តីជាជនសកម្មប្រយុទ្ធធ្វើអ្វី ដោយគ្រាន់តែដាក់ឲ្យចំប្រដាប់ភេទរបស់ពួកគេទៅបានហើយ ពីព្រោះថា បើគ្មានរបស់ហ្នឹងទេ ពួកស្រីៗទាំងនោះ នឹងគ្មានប្រយោជន៍អ្វីឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅរសៀលថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ការធ្វើអត្ថាធិប្បាយខាងលើ របស់ប្រធានាធិបតីវ័យ ៧២ឆ្នាំរូបនេះ ត្រូវបានធ្វើឡើង នៅអំឡុងការថ្លែងសុន្ទរកថាមួយកាលពីសប្តាហ៍មុន ហើយលោក ឌូតឺតេ ត្រូវបានរិះគន់ព្រមទាំងថ្កោលទោសធ្ងន់ៗ ពីសំណាក់ក្រុមអង្គការសិទ្ធិមនុស្ស។ ដោយរំលឹកពីសេចក្តីបង្គាប់មួយ ដែលបានធ្លាប់បានដាក់ចេញ កាលពីនៅកាន់តំណែងជាអភិបាលក្រុងដាវ៉ៅ (Davao) លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយដូច្នេះថា «ប្រាប់ទៅកងទ័ពថា មានបញ្ជាថ្មីពីលោកអភិបាល... យើងនឹងមិនសម្លាប់អ្នកទេ (សំដៅលើស្រ្តីជាពួកឧទ្ទាម) គឺយើងគ្រាន់តែបាញ់ឲ្យចំប្រដាប់ភេទរបស់អ្នកប៉ុណ្ណោះ ព្រោះថាប្រសិនបើគ្មានរបស់ហ្នឹងទេ ពួកអ្នកនឹងគ្មានបានការអ្វីឡើយ»។
លោក ឌូតឺតេ បានបង្ហាញពីការខឹងសម្បារនេះ ដោយសារតែស្រ្តីមួយចំនួន សុខចិត្តចុះចូលបម្រើក្រុម New People's Army គឺជាក្រុមឧទ្ទាមកុម្មុយនិស្ត ដែលបានបង្កចលនាបះបោរនៅក្នុងប្រទេសហ្វីលីពីន តាំងតែពីឆ្នាំ១៩៦៩មកម្ល៉េះ ជាជាងធ្វើការចិញ្ចឹមបីបាច់ថែរក្សាកូន។
គួរជម្រាបថា យ៉ាងណាមិញ នេះពុំមែនជាលើកទីមួយឡើយ ដែលលោក ឌូតឺតេ បាននិយាយស្តីបែបប្រមាថលេងសើច ទៅលើស្រ្តីភេទបែបនេះ ហើយក្រុមអង្គការសិទ្ធិមនុស្ស តែងតែបានធ្វើការរិះគន់ជានិច្ច៕