(ម៉ូហ្សាំប៊ិក)៖ ប្រទេសម៉ូហ្សាំប៊ិក (Mozambique) នាដើមសប្តាហ៍នេះ បានទទួលលិខិតអញ្ជើញឲ្យទៅចូលរួម ក្នុងកិច្ចប្រជុំកំពូល ISA ដែលនឹងប្រារព្ធឡើងនៅរដ្ឋធានីញូដេលី នៃប្រទេសឥណ្ឌា ដោយសារតែកិច្ចប្រឹងប្រែងរបស់ខ្លួន សំដៅបង្កើនការប្រើប្រាស់ថាមពលនៅក្នុងប្រទេស ទីបំផុតត្រូវបានទទួលស្គាល់ ហើយការចូលជាសមាជិកនៃ ISA ត្រូវបានផ្តល់សច្ចាប័ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ការអញ្ជើញខាងលើ ត្រូវបានធ្វើឡើងដោយរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា លោក វីចាយ គូម៉ារ ស៊ីង (Vijay Kumar Singh) ដែលបានធ្វើដំណើរមកបំពេញទស្សនកិច្ចនៅឯប្រទេសអាហ្រ្វិកខាងកើតមួយនេះ តាំងពីថ្ងៃអាទិត្យមក ដើម្បីធ្វើការវាយតម្លៃទៅលើកម្រិត នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
យ៉ាងណាមិញ ការប្រើប្រាស់ថាមពលនៅក្នុងម៉ូហ្សាំប៊ិក នៅបន្តមានកម្រិតតិចតួចដដែល ទោះបីជាប្រជាជាតិនេះ មានទំនប់ទឹកដ៏ធំសម្បើមមួយ សម្រាប់ផ្គត់ផ្គង់ថាមពលអគ្គិសនីយ៉ាងណាក្តី។ ម៉្យាងវិញទៀត ថាមពលពន្លឺព្រះអាទិត្យ ត្រូវបានប្រើប្រាស់ប្រមាណតែ ១០ភាគរយ ប៉ុណ្ណោះនៅទូទាំងប្រទេស ដោយភាគច្រើនគឺក្នុងហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច រួមមានមជ្ឈមណ្ឌលសុខភាព និងសាលារៀនជាដើម។
គួរជម្រាបថា អង្គការ ISA ដែលមានសមាជិក ១២១ប្រទេស ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយតម្រូវការផ្នែកថាមពល និងផ្តល់ជាវេទិកាមួយសម្រាប់កិច្ចសហប្រតិបត្តិការ ស្តីពីការទប់ទល់ និងដោះស្រាយគម្លាតផ្សេងៗទាក់ទងនឹងបញ្ហាថាមពល តាមរយៈវិធីសាស្រ្តរួម៕