(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានបើកទ្វារចរចាជាមួយកូរ៉េខាងជើង ដោយថែមទាំងព្រលយមួយឃ្លាទៀតថា កិច្ចចរចាធ្វើ ឬមិនធ្វើឡើង គឺអាស្រ័យលើកូរ៉េខាងជើង ដែលគិតថាពេលណាពួកគេត្រៀមខ្លួនរួចរាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក ធីល្លឺសុន ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ជាមួយសមាភាគីអេហ្ស៊ីបរបស់លោក កាលពីថ្ងៃចន្ទ អំឡុងពេលលោកបំពេញទស្សនកិច្ចនៅឯទីក្រុងគែរប្រទេសអេហ្ស៊ីប។ ថ្លែងនាឱកាសនោះដែរ ប្រមុខការទូតអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ជុំវិញការអត្ថាធិប្បាយរបស់លោកអនុប្រធានាធិបតី ម៉ៃក៍ ភែន (Mike Pence) ពាក់ព័ន្ធនឹងកិច្ចចរចា... ខ្ញុំគិតថាវាដូចជា លឿនពេកក្នុងការវិនិច្ឆ័យ។ ប៉ុន្តែយើងក៏ធ្លាប់បានបញ្ជាក់ហើយដែរថា រឿងចរចាគឺវាអាស្រ័យលើកូរ៉េខាងជើងថា តើពួកគេត្រៀមខ្លួនរួច ឬនៅដើម្បីចូលរួមក្នុងកិច្ចសន្ទនា ដោយស្មោះត្រង់ជាមួយយើង»។
ទោះជាយ៉ាងនេះក្ដី លោក ធីល្លឺសុន ហាក់ដូចជាប្រាប់ដោយប្រយោលថា កិច្ចចរចាអាចធ្វើឡើង ទាល់តែកូរ៉េខាងជើង បោះចោលអាវុធនុយក្លេអ៊ែរជាមុនសិន។ «កូរ៉េខាងជើងដឹងយ៉ាងច្បាស់ថា តើប្រធានបទអ្វីនឹងត្រូវយកមកដាក់លើតុចរចា»។ នេះបើតាមលោក រិច ធីល្លឺសុន ដោយចង់សំដៅលើការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។
គួររំលឹកថា កាលពីថ្ងៃសៅរ៍ កន្លងទៅ អនុប្រធានាធិបតីអាមេរិក លោក Mike Pence ក៏បានលើកឡើងពីលទ្ធភាព នៃកិច្ចសន្ទនាជាមួយកូរ៉េខាងជើងផងដែរ។ ប៉ុន្តែទន្ទឹមគ្នា លោកនៅតែអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅតែបន្តដាក់សម្ពាធ និងទណ្ឌកម្ម រហូតដល់ទីក្រុងព្យុងយ៉ាងព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែរ ដោយចិត្តស្មោះ៕