កូនប្រសារស្រី ដូណាល់ ត្រាំ ត្រូវបញ្ជូនទៅមន្ទីរពេទ្យយ៉ាងទាន់ហន់ ក្រោយពីរងការបំភ័យ ដោយម្សៅពណ៌ស បង្កប់ក្នុងសំបុត្រមួយ...
13-02-2018 13:40
(វ៉ាស៊ីនតោន)៖ កូនប្រសារស្រីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺអ្នកនាង វេណែស្សា ត្រាំ (Vanessa Trump) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងបានបើកមើលសំបុត្រមួយ ផ្ទុកដោយម្សៅពណ៌ស ដែលគេផ្ញើឱ្យប្ដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក សំបុត្រខាងលើត្រូវបានផ្ញើឱ្យលោក Donald Trump Jr ជាកូនប្រុសច្បង របស់លោក ដូណាល់ ត្រាំ នៅឯគេហដ្ឋានក្នុងសង្កាត់ ម៉ាន់ហាតថាន់ (Manhattan) ទីក្រុងញូយ៉ក។ លោកស្រី Vanessa និងមនុស្សពីរនាក់ផ្សេង ទៀតស្ថិតនៅកន្លែងកើតហេតុ ត្រូវក្រុមអ្នកពន្លត់អគ្គិភ័យសំអាតសារធាតុកខ្វក់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ប៉ុន្តែក្រោយមក អាជ្ញាធរអាមេរិកបានបញ្ជាក់ថា ម្សៅពណ៌សនៅក្នុងសំបុត្រនោះ មិនមានសារធាតុគ្រោះថ្នាក់នោះទេ រីឯលោក Trump Jr បានអះអាងនៅលើ Twitter ដែរថា គ្រួសាររបស់លោកមានសុវត្ថិភាព និងហៅទង្វើនេះថា ជាអំពើគួរឱ្យស្អប់ខ្ពើម។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរទីក្រុងញូយ៉ក ប៉ូលិសបានទទួលទូរស័ព្ទពីករណីខាងលើ នៅម៉ោងប្រមាណជា ១០៖០០នាទីព្រឹក (ម៉ោងនៅសហរដ្ឋអាមេរិក) កាលពីថ្ងៃចន្ទ ការិយាល័យស៊ើបការណ៍សំងាត់ កំពុងបើកការស៊ើបអង្កេតហើយ៕