(សេអ៊ូល)៖ គិតចាប់តាំងពីការអញ្ជើញជាផ្លូវការ តាមរយៈលិខិត លោក គីម ជុងអ៊ុន ផ្ញើតាមប្អូនស្រីបង្កើតរបស់លោក គឺអ្នកនាង គីម យ៉ូចុង មកជូនផ្ទាល់ដៃ លោក មូន ជែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងនោះ រដ្ឋាភិបាលប្រទេសសម្ព័ន្ធមិត្តកាត់ទឹកមិនដាច់របស់អាមេរិកមួយនេះ មិនទាន់មានការឆ្លើយតបណាមួយ ទៅកាន់កូរ៉េខាងជើងវិញនោះឡើយ។ នេះបើតាមការតាមដានព័ត៌មាន នៅលើទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
លិខិត លោក គីម ជុងអ៊ុន ត្រូវបានប្រគល់ជូនលោក មូន ផ្ទាល់ដៃកាលពីថ្ងៃសៅរ៍ សប្តាហ៍មុននៅក្នុងជំនួបពិភាក្សាផ្លូវការ រវាងប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង និងថ្នាក់ដឹកនាំរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលដឹកនាំដោយប្រធានាធិបតី លោក មូន ជែអ៊ីន។ នៅក្នុងលិខិតនោះ គឺលោក គីម មេដឹកនាំវ័យក្មេងជំនាន់ទី ៣ របស់កូរ៉េខាងជើង បានអញ្ជើញលោក មូន ទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ឲ្យបានឆាប់តាមដែលអាចទៅរួច ហើយលោក គីម មានឆន្ទៈក្នុងការជម្រុញឲ្យទំនាក់ទំនងរវាងកូរ៉េទាំងពីរ បានប្រសើរឡើងវិញ។
ទោះបីជាមានការវិភាគច្រើនមកហើយ ក្នុងរយៈពេល ០៣ថ្ងៃកន្លងមកនេះ អំពីចម្លើយដែលនឹងចេញពីមាត់ លោក មូន ជែអ៊ីន ក៏មេដឹកនាំកូរ៉េខាងត្បូងរូបនេះហាក់បង្ហាញថា ខ្លួននៅត្រូវការការត្រិះរិះពិចារណាយ៉ាងដិតដល់បំផុត មុននឹងត្រូវប្រាប់ទៅកូរ៉េខាងជើងវិញ នូវចម្លើយថា ទៅ ឬមិនទៅតាមការអញ្ជើញដ៏មហាកម្របំផុត ពីមេដឹកនាំកូរ៉េខាងជើង ដែលកំពុងគ្របដណ្តប់ដោយទណ្ឌកម្មជុំទិស និងជាសត្រូវធំបំផុតរបស់សហរដ្ឋអាមេរិក នៅតំបន់អាស៊ីបូព៌ានោះ។
ប្រការហេតុនេះវាអាចមានន័យថា កូរ៉េខាងត្បូងត្រូវការការឯកភាពពីសហរដ្ឋអាមេរិកជាចាំបាច់ ក្នុងករណីដែលខ្លួនចង់ទៅបំពេញទស្សនកិច្ច តបតាមការអញ្ជើញរបស់កូរ៉េខាងជើង ព្រោះអីសន្តិសុខរបស់ទីក្រុងសេអ៊ូល គឺពឹងផ្អែកស្ទើរទាំងស្រុង ទៅលើការការពារពីសំណាក់ទីក្រុងវ៉ាស៊ីនតោន៕