(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសឲ្យដឹងថា យានអវកាស New Horizon របស់ខ្លួន ទើបតែបានថតយករូបភាព ដែលឆ្ងាយបំផុតពីផែនដី ដែលបំណែកកំណត់ត្រាកាលពីមុន ដោយរូបភាព Pale Blue Dot របស់យានអវកាស Voyager 1 ដែលថតកាលពីឆ្នាំ១៩៩០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់ NASA យានអវកាសខាងលើ បានថតយករូបភាពមួយសន្លឹក នៃដួងតារាមួយក្រុម ដែលគេស្គាល់ថា «Wishing Well» កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ស្របពេលដែលវាស្ថិតនៅចម្ងាយ ៦.១២ពាន់លានគីឡូម៉ែត្រពីភពផែនដី តាមគន្លងផ្លូវឆ្ពោះទៅកាន់តំបន់ខ្សែក្រវាត់អាចម៍ផ្កាយទីពីរ នៅខាងចុងប្រព័ន្ធព្រះអាទិត្យ គឺខ្សែក្រវាត់ខៃភើ (Kuiper Belt)។
គួរជម្រាបថា សម្រាប់កំណត់ត្រាកាលពីមុន នៃរូបភាពដែលមានចម្ងាយឆ្ងាយបំផុត គឺត្រូវបានបង្កើតឡើងដោយយាន Voyager 1 របស់ NASA ដែលបានថតយករូបភាពដ៏ល្បី «Pale Blue Dot» នៃផែនដី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៩០ ស្របពេលដែលវាស្ថិតនៅចម្ងាយប្រមាណ ៦.០៦ពាន់លានគីឡូម៉ែត្រពីផែនដី។
ក្រោយពីបានហោះក្រឡឹង ភពបម្រុង ភ្លុយតូ (Pluto) និងព្រះច័ន្ទទាំង ០៥ របស់ភពតូចនេះ យាន New Horizon កំពុងរង់ចាំការចាប់ផ្តើមបេសសកម្មបន្ទាប់របស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នាពេលវានឹងហោះឆ្វែលដុំថ្មអវកាសមួយដុំឈ្មោះ 2014 MU69 ដែលស្ថិតនៅតំបន់ Kuiper Belt៕