(ម៉ូស្គូ)៖ ប្រជាពលរដ្ឋរុស្ស៊ីកំពុងមានទុក្ខជាទម្ងន់ បន្ទាប់ពីយន្តហោះមួយគ្រឿងផ្ទុកមនុស្ស ៧១នាក់បានធ្លាក់ ដែលបានបណ្តាលឱ្យមនុស្សទាំងអស់ នៅលើយន្តហោះបាត់បង់ជីវិត។ ខាងក្រោមនេះជាព័ត៌មានលម្អិតជុំវិញហេតុការណ៍ធ្លាក់យន្តហោះនេះ៖
* ទីតាំងពេលវេលា និងហេតុការណ៍ធ្លាក់យន្តហោះ៖
យន្តហោះ AN-148 ត្រូវបានគេរាយការណ៍ឱ្យដឹងថា បានចាកចេញពីអាកាសយាន្តដ្ឋាន ដូម៉ូដេដូវ៉ូ (Domodedovo) នៅវេលាម៉ោង ២៖២១នាទី រសៀលថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ និងមានគោលដៅទៅកាន់ទីក្រុង អ័សក៍ (Orsk) នៃតំបន់ភ្នំ យូរ៉ាស់ស៍ (Urals) ប្រទេស រុស្ស៊ី។
ជាអកុសល្យវាបានបាត់ដំណឹងចេញពីប្រព័ន្ធរ៉ាដា ក្នុងរយៈពេល ៤នាទីបន្ទាប់ពីហោះហើរ។ យន្តហោះនេះបានធ្លាក់នៅចម្ងាយតែ ៣៣គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រលានយន្តហោះ ដែលវាបានហោះចេញ គឺស្ថិតនៅជិតភូមិ អាហ្គូណូវ៉ូ (Argunovo) ចម្ងាយជាង ៨០គីឡូម៉ែត្រ ភាគខាងត្បូង រដ្ឋធានីម៉ូស្គូ។
សាក្សីឃើញផ្ទាល់ភ្នែក បានប្រាប់សារព័ត៌មានក្នុងតំបន់ថា ពួកគេបានឃើញយន្តហោះធ្លាក់ពីលើមេឃ រួចផ្ទុះឆេះ។ យោងតាមគេហទំព័រ FlightRadar24 ដែលជាគេហទំព័រតាមដានជើងហោះហើរ បានឱ្យដឹងថា យន្តហោះបានធ្លាក់ក្នុងល្បឿន រហូតដល់ទៅ ៦,៧០០ម៉ែត្រ ក្នុងមួយនាទី។ បន្ទាប់ពីយន្តហោះធ្លាក់ បានបន្សល់ទុកនូវបំណែកយន្តហោះប្រមាណ ២០៩បំណែកហើយ ត្រូវបានគេរកឃើញនៅរាយប៉ាយ ជុំវិញទីតាំងយន្តហោះធ្លាក់។
* ជនរងគ្រោះ៖
នៅលើយន្តហោះមានផ្ទុកមនុស្សសរុបចំនួន ៧១នាក់ ដោយក្នុងនោះគឺអ្នកដំណើរ ៦៥នាក់ និងអាកាសយានិក ០៦នាក់។ ក្មេងស្រីម្នាក់អាយុ ០៥ឆ្នាំ ព្រមទាំងម្ដាយរបស់នាង ក៏បានស្ថិតនៅក្នុងចំណោមជនរងគ្រោះទាំង ៧១នាក់ ដែលបានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះនេះផងដែរ។ ក្មេងស្រីឈ្មោះ ណាដេហ្សដា ក្រាសូវ៉ា (Nadezhda Krasova) បានស្លាប់ជាមួយនឹងម្ដាយរបស់នាងឈ្មោះ អូកសាណា ក្រាសូវ៉ា (Oksana Krasova) អាយុ ៣២ឆ្នាំ។ សាកសពមនុស្សជាច្រើន ត្រូវបានគេរកឃើញនៅជិតភូមិ Stepanovskoe ទីដែលយន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ីធ្លាក់។ នេះបើតាមការបញ្ជាក់ពីក្រុមជួយសង្គ្រោះ។
* មូលហេតុ៖
ក្រុមអ្នកស៊ើបអង្កេតបានបង្ហាញថា អ្នកបើកបរយន្តហោះបានរាយការណ៍ស្តីអំពីបញ្ហាខូចម៉ាស៊ីន ហើយបានស្នើសុំអនុញ្ញាតឲ្យមានការចុះចតជាបន្ទាន់មួយ នៅអាកាសយាន្តដ្ឋានអន្តរជាតិ Zhukovsky ដែលស្ថិតនៅក្បែរទីតាំងធ្លាក់យន្តហោះនោះ។ ប៉ុន្តែយ៉ាងណាក្តី ក្រុមមន្ត្រី មិនទាន់បានបញ្ជាក់ ពាក់ព័ន្ធនឹងការអះអាងនេះនៅឡើយនោះទេ។
* ប្រភេទយន្តហោះ៖
យន្ដហោះ (Antonov An-148) មានអាយុកាលហោះហើរ ០៧ឆ្នាំ មកហើយ ជាកម្មសិទ្ធរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី សារ៉ាតូវ (Saratov Airlines)។
* វិធានការណ៍ និងការជួយសង្គ្រោះ៖
ក្រោយទទួលដំណឹងធ្លាក់យន្តហោះភ្លាម ក្រុមសង្គ្រោះបន្ទាន់ បានបញ្ជូនមន្ត្រីរបស់ខ្លួន ទៅកាន់កន្លែងកើតហេតុ ជាអកុសល្យយន្តហោះបានធ្លាក់ចំពេលដែលព្រិលយ៉ាងក្រាស កំពុងគ្របដណ្តប់ស្ទើរតែពាសពេញប្រទេសរុស្ស៊ី ដែលបង្កភាពលំបាកយ៉ាងខ្លាំង ក្នុងការស្វែងរកសាកសព។ រដ្ឋាភិបាលទីក្រុងម៉ូស្គូបានឱ្យដឹងថា ប្រតិបត្តិការតាមស្វែងរកសាកសព នឹងបន្តរហូតដល់ពេញមួយសប្តាហ៍។ ដោយឡែក ប្រអប់ខ្មៅទី១ និងទី ២ របស់យន្តហោះ ក៏ត្រូវបានគេរកឃើញរួចមកហើយ រង់ចាំក្រុមជំនាញទាញយកទិន្នន័យ និងវិភាគ ដើម្បីបញ្ជាក់ពីមូលហេតុកាន់តែច្បាស់។
អាជ្ញាធររុស្ស៊ីបានប្រកាសកាន់ទុក្ខ ដល់ជនរងគ្រោះទាំងអស់រយៈពេលមួយថ្ងៃគឺថ្ងៃចន្ទ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបង្ហាញសម្តែងការរំលែកទុក្ខ ព្រមទាំងបានចេញបញ្ជាឲ្យគណៈរដ្ឋមន្ត្រី បង្កើតគណៈកម្មការមួយដើម្បីធ្វើការស៊ើបអង្កេត ពាក់ព័ន្ធនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលបានសម្លាប់មនុស្សទាំងអស់ ដែលបានជិះនៅលើយន្តហោះនោះ។ ជាងនេះទៅទៀតនោះ រដ្ឋាភិបាលអាមេរិក ព្រមទំាងអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរ៉ែស (Antonio Guterres) ក៏បានបង្ហាញក្ដីទុក្ខក្រៀមក្រំ ចំពោះសោកនាដកម្មធ្លាក់យន្ដហោះនេះផងដែរ។
* ប្រវត្តិធ្លាក់យន្តហោះ៖
សូមរំឮកថា កាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ យន្តហោះមួយគ្រឿងរបស់ប្រទេស រុស្សីហោះហើរក្នុងគោលដៅទៅកាន់ប្រទេស ស៊ីរី ផ្ទុកដោយក្រុមតន្ត្រីយោធា ដើម្បីប្រគុំកម្សាន្ត ជូនទៅដល់កងកម្លាំងរុស្ស៊ីនៅទីនោះ បានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅភ្លាមៗ បន្ទាប់ពីហោះឡើង ដែលបណ្តាលឲ្យមនុស្ស ៩២នាក់ លើយន្តហោះ ស្លាប់បាត់បង់ជីវិតទាំងអស់៕