(ស៊ីដនី)៖ គ្រោះអគ្គិភ័យដ៏ធំមួយបានកើតមានឡើង នៅឯការដ្ឋានសាងសង់អគារខ្ពស់មួយកន្លែង ក្នុងតំបន់ទីប្រជុំជននៃទីក្រុងស៊ីដនី នៅរដ្ឋញូសោតវែលស៍ (New South Wales) ប្រទេសអូស្រ្តាលី នាព្រឹកថ្ងៃអង្គារនេះ ខណៈដែលភ្នាក់ងារពន្លត់អគ្គិភ័យចំនួន ២០នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ និងមនុស្ស ១៣នាក់ បានទទួលរងរបួសស្រាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមអាជ្ញាធរនៅតំបន់កើតហេតុ អណ្តាតភ្លើងបានឆាបឆេះសំណាញ់ពណ៌ខ្មៅ នៅគ្របដណ្តប់នៅលើការដ្ឋានសំណង់ នៃអគារខាងលើ ដែលស្ថិតក្នុងតំបន់កំពង់ផែ ស៊ឺឃ្យូឡឺ ក្វេយ (Circular Quay) នៃទីក្រុងស៊ីដនី ហើយវាបានបន្តឆេះរហូតដល់ ០២ម៉ោងក្រោយ មុនពេលត្រូវបានក្រុមពន្លត់អគ្គិភ័យ ពន្លត់បានទាំងស្រុងទៅវិញ។
គួរជម្រាបថា ក្នុងហេតុការណ៍នេះមនុស្ស ១៣នាក់ បានរងរបួសស្រាល គឺដោយសារតែឈ្លក់ផ្សែងភ្លើង និងជាច្រើននាក់ទៀតត្រូវបានអាជ្ញាធរជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព ខណៈមូលហេតុ ដែលបង្កគ្រោះអគ្គិភ័យនៃសំណង់អគារកម្ពស់ ១០ជាន់នេះ នៅមិនទាន់កំណត់ច្បាស់នៅឡើយទេ៕