(សេអ៊ូល)៖ ក្រោយប្រធានសភា និងប្អូនស្រីបង្កើតរបស់ខ្លួន បានបំពេញបេសកកម្មដ៏ជោគជ័យ នៅកូរ៉េខាងត្បូងហើយនោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាបន្ថែមទៀតថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាផ្លូវអារម្មណ៍ប្រកបដោយភាពវិជ្ជមានជាមួយកូរ៉េខាងត្បូង ខណៈលោកទទួលស្វាគមន៍ការវិលត្រប់មកវិញ របស់ប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង ក្រោយបញ្ចប់ ទស្សនកិច្ចបីថ្ងៃនៅកូរ៉េខាងត្បូង នាអំឡុងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទឹកដីកូរ៉េខាងត្បូង។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួនចេញផ្សាយនៅថ្ងៃអង្គារនេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានលើកឡើងយ៉ាងដូច្នេះថា «វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការបន្តស្វែងរកលទ្ធផលល្អ តាមរយៈការបង្កើនបរិយាកាសកក់ក្ដៅ នៃការផ្សះផ្សា និងកិច្ចសន្ទនា ដើម្បីបង្កើតគោលបំណងរួម និងរឹងមំារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដោយព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាជាសន្ទុះ»។
គួរបញ្ជាក់ថា បើតាម KCNA លោក គីម ជុងអ៊ុន បានសម្ដែងការពេញចិត្តយ៉ាងខ្លាំង ចំពោះរបាយការណ៍របស់ក្រុមប្រតិភូកូរ៉េខាងជើង ហើយលោកថែមទាំងថ្លែងអំណរគុណទៀតផង ចំពោះលទ្ធផលសម្រេចបាននេះ។ សម្រាប់លិខិតលោក គីម ជុងអ៊ុន ផ្ញើតាមប្អូនស្រី ជូនប្រធានាធិបតី លោក មូន ជែអ៊ីន នោះ គឺប្រមុខដឹកនាំជំនាន់ទីបីរូបនេះ បានអញ្ជើញមេដឹកនាំកូរ៉េខាងត្បូងរូបនេះ មកទស្សនកិច្ចទីក្រុងព្យុងយ៉ាងឲ្យបានកាន់តែឆាប់ តាមដែលអាចទៅរួច ដើម្បីធ្វើឲ្យទំនាក់ទំនងកូរ៉េទាំងពីរ វិលទៅរកស្ថានភាពប្រសើរឡើង៕