ពិតជាមិនធម្មតា! ប្រតិបត្តិការយោធាតួកគី នៅស៊ីរី «ផ្តាច់ជីវិតមនុស្ស ១៨០នាក់ និងរបួស ៤១៣នាក់» ក្នុងរយៈពេលតែជាង ២០ថ្ងៃ!
13-02-2018 10:12
(ដាម៉ាស់)៖ កងកម្លាំងឃើដស៊ីរីបានឱ្យដឹងថា ប្រតិបត្តិការរបស់យោធាតួកគី ប្រឆាំងក្រុមអ្នកប្រយុទ្ធឃើដស៊ីរី ក្នុងទីក្រុង អាហ្វ្រីន (Afrin) ភាគខាងជើងប្រទេសមជ្ឈិមបូព៌ាមួយនេះ បានផ្ដាច់យកអាយុជីវិតជនស៊ីវិល ១៨០នាក់ និង ៤១៣នាក់ ផ្សេងទៀតរងរបួស ក្នុងរយៈពេលតែជាង ២០ថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមកងកម្លាំងឃើដ ក្នុងចំណោមជនស៊ីវិលទាំងអស់រួមមានស្ត្រី កុមារ និងមនុស្សចាស់ ខណៈកងកម្លាំងប្រដាប់អាវុធឃើដ ៩៨នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធារបស់តួកគី ចាប់តាំងពីថ្ងៃទី២០ ខែមករាមក។ ប៉ុន្តែទន្ទឹមគ្នា កងកម្លាំងឃើដក៏បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមអ្នកប្រយុទ្ធគំាទ្រដោយតួកគី ៨៦២នាក់ ក៏ត្រូវបានសម្លាប់ផងដែរ។
គួរបញ្ជាក់ថា កងកម្លាំងតួកគីបានបើកការវាយប្រហារតាមផ្លូវអាកាស ៦៦៨លើក លើទីក្រុង Afrin ស្របពេលរបាយការណ៍អង្គការសហប្រជាជាតិឱ្យដឹងថា មនុស្ស ១៥,០០០នាក់ បានរត់ភៀសខ្លួនចាប់តាំងពីតួកគីផ្ដើមធ្វើប្រតិបត្តិការយោធា ប្រឆាំងនឹងក្រុមអ្នកប្រយុទ្ធឃើដ YPG កាលពីថ្ងៃទី២០ ខែមករាមក៕