(វៀងច័ន្ទ)៖ កម្មវិធីដោះដូរវប្បធម៌ ព្រមទាំងការផ្សព្វផ្សាយពីកម្មវីធីទូរទស្សន៍មួយ ដែលផលិតឡើងរួមគ្នា ដោយប្រទេសឡាវ និងចិន ត្រូវបានធ្វើឡើងនៅឯសាកលវិទ្យាល័យជាតិឡាវ (NUoL) ដែលស្ថិតក្នុងរដ្ឋធានីវៀងច័ន្ទ កាលពីថ្ងៃចន្ទម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
តាមរយៈការប្រារព្ធពិធីនេះ កម្មវិធីទូរទស្សន៍ស្តីពី «ខ្សែភាពយន្តចិន» និង «គំនូរជីវចលចិន» ដែលផលិតឡើងដោយឡាវនិងចិន ត្រូវបានណែនាំបង្ហាញដល់សាធារណជន និងផ្សព្វផ្សាយឃោសនា ដើម្បីលើកកម្ពស់បន្ថែមឲ្យគេបានដឹងបន្ថែមទៀត។
កម្មវិធី «ខ្សែភាពយន្តចិន» ដែលផលិតឡើងដោយស្ថានីយផ្សព្វផ្សាយចិននៃខេត្ត ក្វាងស៊ី (Guangxi) និងស្ថានីយទូរទស្សន៍ជាតិឡាវ ត្រូវបានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤។ ក្រៅពីនេះកម្មវីធីគំនូជីវចលចិន ក៏ត្រូវបានផលិតឡើងរួមគ្នាដោយស្ថានីយទូរទស្សន៍ខាងលើផងដែរ ដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីកុមារៗ នៅក្នុងប្រទេសឡាវ។
គួរជម្រាបថា ព្រឹត្តិការណ៍ខាងលើនេះ មានការចូលរួមពីសាកវិទ្យាធិការរងរបស់ NUoL, អគ្គនាយករងនៃស្ថានីយទូរទស្សន៍ជាតិឡាវ , លោកគ្រូ-អ្នកគ្រូ, និងសិស្សានុសិស្សជាង ១០០នាក់៕