លោក ពូទីន និង ត្រាំ ពិភាក្សាគ្នាតាមទូរស័ព្ទស្តីបញ្ហាអ៊ីស្រាអែល-ប៉ាឡេស្ទីន ហើយរុស្ស៊ីបង្ហាញជំហរគាំទ្រប៉ាឡេស្ទីនឥតងាករេ!
13-02-2018 09:43
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំប៉ាឡេស្ទីន លោក ម៉ាមួដ អាប់បាស់ (Mahmoud Abbas) ថា លោកបានពិភាក្សាពីបញ្ហាដំណើរការសន្តិភាព រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក ពូទីន ថ្លែងបែបនេះនៅក្នុងជំនួបជាមួយ លោក Abbas ក្នុងទីក្រុងម៉ូស្គូ កាលពីល្ងាចថ្ងៃចន្ទ។ «ខ្ញុំទើបតែ បាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយយើងបានពិភាក្សាគ្នាពីបញ្ហាសន្តិភាពរវាង អ៊ីស្រាអែល និងប៉ាឡេស្ទីន»។ នេះជាការលើកឡើងរបស់លោក ពូទីន។ បន្ថែមពីលើនេះ ប្រធានាធិបតីរុស្ស៊ីក៏បាន គូសបញ្ជាក់ផងដែរ ពីទំនាក់ទំនងស៊ីជម្រៅរវាងរុស្ស៊ី និងប៉ាឡេស្ទីន និងថាទីក្រុងម៉ូស្គូតែងតែគាំទ្រប្រជាជនប៉ាឡេស្ទីនជានិច្ច។
គួររំលឹកថា ក្រោយលោក ត្រាំ ប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមួដ អាប់បាស់ (Mahmoud Abbas) បានអះអាងថា សហរដ្ឋអាមេរិកគ្មានគុណសម្បតិ្តដើរតួនាទីជាអ្នកស្វែងរក សន្តិភាពទៀតនោះទេ ខណៈក្រុមអ្នកជំនាញខ្លះយល់ថា វានឹងក្លាយជាឱកាសមួយសម្រាប់រុស្ស៊ីក្នុងការលើកកម្ពស់ទំនាក់ទំនង ជាមួយបណ្ដាប្រទេសអារ៉ាប់៕