(ដាកា)៖ តុលាការបង់ក្លាដែស បានសម្រេចផ្តន្ទាទោសប្រហារជីវិតជនទំនើងសរុប ០៤នាក់ ដែលបានប្រព្រឹត្តបទល្មើសរំលោភបំពានផ្លូវភេទ និងសម្លាប់ទាំងកម្រោលទៅលើនិស្សិតច្បាប់មួយរូប នៅលើរថយន្តក្រុងដែលកំពុងបើកបរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
តុលាការក្នុងស្រុក Tangail ភាគកណ្តាលប្រទេសបង់ក្លាដែស ដែលមានចម្ងាយ ៩៧គីឡូម៉ែត្រ ពីរដ្ឋធានីដាកា បានសម្រេចទោសដូចខាងលើ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ដោយឡែកអ្នកបើកបររថយន្តក្រុង ដែលបានចូលដៃចូលជើងក្នុងករណីរំលោភផ្លូវភេទ និងសម្លាប់ជីវិតនិស្សិតស្រីច្បាប់មួយរូបនោះ ក៏ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ០៧ឆ្នាំ និងពិន័យជាប្រាក់ ១០០,០០០តាកាស់ (១,២០៤ដុល្លារ)។
គួរបញ្ជាក់ថា ក្រោយពីមានការកាត់ក្តីអំពីរឿងនេះ ក្រុមអ្នកទាមទារយុត្តិធម៌ នៅខាងក្រៅអគារតុលាការមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ និស្សិតច្បាប់មួយរូប គឺនាង ស៊ូតាណា រូប៉ា (Sultana Rupa) ត្រូវបានក្រុមជនល្មើសខាងលើនេះ ចាប់រំលោភ និងសម្លាប់នៅលើរថយន្តក្រុងដឹកអ្នកដំណើរដែលកំពុងបើកបរ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ហើយប្រការនេះ បាននាំឲ្យប្រជាជនបង់ក្លាដែសទូទាំងប្រទេស ផ្ទុះកំហឹងយ៉ាងខ្លាំង៕