(ម៉ូស្គូ)៖ គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនបានវាយតម្លៃនូវ «សកម្មភាពនៃយន្តហោះ, ស្ថានភាពបច្ចេកទេស នៃយន្តហោះ និងកម្រិតនៃការហ្វឹកហ្វឺនជំនាញ របស់អ្នកបើកបរ នៃយន្តហោះជួបគ្រោះថ្នាក់នេះ»។ ប្រភពដដែលបានបន្ថែមថា យន្តហោះ មិនបានឆាបឆេះ ឬក៏បែកបាក់នោះទេ នៅពេលដែលវាចាប់ផ្តើមធ្លាក់ចុះ ហើយការផ្ទុះឆេះ បានកើតឡើង ក្រោយពីយន្តហោះធ្លាក់ចុះដល់ដី។ ចម្លើយទាំងនេះ បានបង្ហាញថា ករណីធ្លាក់យន្តហោះនេះ គឺមិនមានជាការវាយប្រហារ ដោយភេរវករនោះទេ។ នេះបើយោងតាមសារព័ត៌មាន Telegraph របស់ចក្រភពអង់គ្លេស ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី១២ ខែកុម្ភៈនេះ។
ក្រុមហ៊ុនអាកាសចរណ៍ Saratov Airlines នៅថ្ងៃចន្ទនេះ បានឲ្យដឹងដែរថា យន្តហោះដែលបានធ្លាក់នេះ ត្រូវបានផលិតឡើង នៅក្នុងទីក្រុង Voronezh ប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០១០ ហើយទើបតែបានធ្វើការហោះហើរ ចំនួន៨,៣៤៨ជើងប៉ុណ្ណោះ ខណៈអាយុកាល នៃការហោះហើររបស់វា ត្រូវបានគេរំពឹងថា នឹងមានរហូតដល់៤០,០០០ជើង។ ដោយឡែក អ្នកបើកបរយន្តហោះ An-148 គឺជាអតីតអ្នកបើកបរយន្តហោះយោធា និងជាអតីតយុទ្ធជន មានបទពិសោធន៍ហោះហើរ ជាង៥,០០០ម៉ោង ខណៈអ្នកបើកបរទី២ មានបទពិសោធន៍ហោះហើរ ចំនួន៨១២ម៉ោង។
ក្រុមសង្រ្គោះនៅថ្ងៃចន្ទនេះ បានបន្តប្រមូលបំណែកសាកសពមនុស្ស ដែលនៅសេសសល់ ហើយការស្វែងរកចំលើយ មូលហេតុនៃការធ្លាក់យន្តហោះ ក៏បានបន្តធ្វើឡើង នៅទីតាំងដែលយន្តហោះធ្លាក់ នាតំបន់ជាយទីក្រុង Moscow ដែលបានសម្លាប់ មនុស្សទាំងអស់ ៧១នាក់ ដែលជិះនៅលើនោះ។
ក្រុមសង្គ្រោះបន្ទាន់ បានប្រាប់ឲ្យដឹងថា ក្រុមរបស់ខ្លួន បានរកឃើញបំណែកសាកសព ជាង២០០បំណែក។ ប្រភពដដែលបន្ថែមថា វាត្រូវប្រើពេលមួយសប្តាហ៍ ដើម្បីរកឲ្យបានសព្វគ្រប់ នៃកម្ទេចកម្ទីយន្តហោះ និងសាកសពមនុស្ស ដែលនៅសេសសល់ លើវាលព្រិល លាយឡំដោយព្រៃ ដែលមានទំហំ៣០ហិកតា។
ក្រុមអាជ្ញាធរ បានរកឃើញប្រអប់ខ្មៅថតសម្លេង នាព្រឹកថ្ងៃចន្ទនេះ, ក្រោយប៉ុន្មានម៉ោង បន្ទាប់ពីបានរកឃើញប្រអប់ខ្មៅទី១ ដែលផ្ទុកទិន្នន័យជើងហោះហើរ។ ការរកឃើញនេះ នឹងធ្វើឲ្យមានសង្ឃឹមកាន់តែខ្លាំងឡើង ចំពោះការរកមូលហេតុពិត នៃការធ្លាក់យន្តហោះ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
គួរជម្រាបថា យន្តហោះ ប្រភេទ An-148នេះ មានគោលដៅហោះទៅកាន់ទីក្រុង Orsk នាតំបន់ Orenburg នៅពេលដែលវាបានធ្លាក់ នៅរយៈកម្ពស់ជិត២គីឡូម៉ែត្រ ពីផ្ទៃអាកាសមកលើផ្ទៃដី ដោយមិនបានបញ្ជូនសញ្ញាអាសន្ន ណាមួយនោះឡើយ ក្រោយ៤នាទីបន្ទាប់ពីហោះឡើង៕