(ម៉ូស្គូ)៖ ក្រុមស៊ើបអង្កេតរុស្ស៊ី បានបញ្ចេញលទ្ធផលស៊ើបអង្កេតដំបូងឲ្យដឹងថា យន្តហោះរុស្ស៊ីដែលបានធ្លាក់ស្លាប់មនុស្ស ៧១នាក់ កាលពីយប់ថ្ងៃអាទិត្យនោះ តាមពិតទៅបានផ្ទុះឡើង ក្រោយធ្លាក់ទៅលើតំបន់វាលព្រិលទឹកកក ដ៏ក្រាស់នៅជាយទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នាល្ងាចថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
ជើងហោះហើយក្នុងស្រុក An-148 បានដឹកអ្នកដំណើរ ៦៥នាក់ និងសហសេវិក ០៦នាក់ នៅមុនពេលកើតហេតុ ហើយមូលហេតុច្បាស់លាស់ នៃការធ្លាក់នេះ គឺត្រូវរង់ចាំការស្រង់ទិន្នន័យពីប្រអប់ខ្មៅទាំងពីរ ដែលត្រូវបានរកឃើញទៅហើយនោះសិន។
បើតាមការគណកម្មាធិការស៊ើបអង្កេតរុស្ស៊ី យន្តហោះខាងលើនេះបានធ្លាក់រួចផ្ទុះឡើងតែម្តង ទើបបានបណ្តាលឲ្យបំណែករបស់វា រប៉ាត់រប៉ាយពាសពេញវាលទឹកកក។ បន្ថែមពីនេះទៀត ពេលយន្តហោះធ្លាក់ភ្លាមៗលើព្រិល គឺគ្មានអណ្តាតភ្លើងឡើយ រួចបន្ទាប់មកទើបវាផ្ទុះឆេះមួយប្រាវតែម្តង។ បំណែកយន្តហោះប្រមាណ ២០៩បំណែក ត្រូវបានគេរកឃើញនៅរាយប៉ាយ ជុំវិញទីតាំងយន្តហោះធ្លាក់ នៅជាយរដ្ឋធានីម៉ូស្គូ៕