(ម៉ូស្គូ)៖ ស្របពេលដែលអ្នកដំណើរ ៦៥នាក់ និងសហសេវិក ០៦នាក់ ជិះនៅលើយន្តហោះមួយគ្រឿង ដែលបានធ្លាក់កាលពីយប់ថ្ងៃអាទិត្យនៅប្រទេសរុស្ស៊ី បានបាត់បង់ជីវិតទាំងអស់ មូលហេតុដែលបង្កឲ្យមានសោកនាដកម្មដ៏រន្ធត់នេះ កំពុងបន្តស្ថិតក្រោមការស៊ើបអង្កេតដដែល ខណៈបំណែកយន្តហោះប្រមាណ ២០៩បំណែកហើយ ត្រូវបានគេរកឃើញនៅរាយប៉ាយ ជុំវិញទីតាំងយន្តហោះធ្លាក់ ក្បែររដ្ឋធានីម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមរដ្ឋាភិបាលទីក្រុងម៉ូស្គូ ប្រតិបត្តិការតាមស្វែងរកសាកសព របស់ជនរងគ្រោះដ៏អភ័ព្វទាំង ៧១នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះធុន An-148 ក្បែររដ្ឋធានីនៃប្រទេសរុស្ស៊ីនេះ នឹងបន្តរហូតដល់ពេញមួយសប្តាហ៍ ខណៈយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះ បានជួបគ្រោះថ្នាក់ចំពេលដែលផ្ទាំងព្រិលយ៉ាងក្រាស់ៗឃ្មឹក កំពុងគ្របដណ្តប់ស្ទើរតែពាសពេញប្រទេសរុស្ស៊ី ដែលបង្កភាពលំបាកក្នុងការស្វែងរក។
គួរជម្រាបថា យន្តហោះដឹកអ្នកដំណើរធុន An-148 គឺកំពុងតែធ្វើការដឹកជញ្ជូនអ្នកដំណើរ ក្នុងជើងហោះហើរក្នុងស្រុក នៅពេលដែលវាបានធ្លាក់នៅក្បែរទីក្រុងម៉ូស្គូ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ដែលបានបណ្តាលឲ្យមនុស្សសរុបទាំងអស់ ៧១នាក់ នៅលើនោះស្លាប់។
យន្តហោះនេះ បានធ្លាក់នៅចម្ងាយតែ ៣៣គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រលានយន្តហោះ ដែលវាបានហោះចាកចេញ ដោយបំណែករបស់វាបានខ្ទាចរប៉ាត់រប៉ាយពាសពេញផ្ទៃដីទំហំយ៉ាងធំ។ ដោយឡែក ប្រអប់ខ្មៅទី១ និងទី ២ របស់យន្តហោះ ក៏ត្រូវបានគេរកឃើញរួចមកហើយផងដែរ រង់ចាំក្រុមជំនាញទាញយកទិន្នន័យ និងវិភាគ ទើបអាចដឹងពីមូលហេតុពិតប្រាកដនៃការធ្លាក់៕