(ប៉េកាំង)៖ ក្រៅពីរដ្ឋាភិបាលទីក្រុងសេអ៊ូល មន្រ្តីជាន់ខ្ពស់មួយរូបមកពីប្រទេសចិន ក៏បានជួបពិភាក្សាជាមួយ លោក គីម យ៉ុងណាំ ប្រធានសភាជាន់ខ្ពស់នៃប្រទេសកូរ៉េខាងជើង នៅអំឡុងដំណើរទស្សនកិច្ចរបស់លោកទាំងពីរ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងា កាលពីចុងសប្តាហ៍មុននេះផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ជេង ហ្ស័ង (Geng Shuang) បានបញ្ជាក់ថា លោក ហាន ហ្សេង (Han Zheng) ដែលជាសមាជិកនៃការិយាល័យនយោបាយ របស់គណៈកម្មាធិការអចិន្រ្តៃយ៍បក្សកុម្មុយនិស្តចិន បានជួបជាមួយលោក គីម យ៉ុងណាំ ដែលជាអ្នកដឹកនាំគណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង រួមមានទាំងប្អូនស្រីបង្កើតលោក គីម ជុងអ៊ុន ទៅកាន់កូរ៉េខាងត្បូង បានជួបសំណេះសំណាលគ្នា នៅក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់លោក Han ទៅចូលរួមព្រឹត្តិការណ៍អូឡាំពិក PyeongChang ក្នុងនាមជាប្រេសិតពិសេសតំណាងឲ្យប្រធានាធិបតីចិន លោក ស៊ី ជិនពីង។
គួរជម្រាបថា ប្រធានបទនៃកិច្ចពិភាក្សាចិន-កូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតនឹងគ្នានេះ ពុំត្រូវបានបញ្ជាក់ឲ្យដឹងលម្អិតដោយក្រសួងការបរទេសចិននោះឡើយ៕