(ញូដេលី)៖ ក្រុមអាជ្ញាធរអាកាសចរណ៍ឥណ្ឌា បានបើកការស៊ើបអង្កេតមួយបន្ទាប់ពីមានការប៉ះទង្គិចគ្នានៅពាក់កណ្ដាលអាកាស រវាងយន្ដហោះដឹកអ្នកដំណើរពីរគ្រឿង នៅក្បែរទីក្រុង ម៉ុមបៃ (Mumbai)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរឥណ្ឌា ឧប្បដិហេតុនេះកើតឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ នៅពេលយន្ដហោះឯកជនដឹកនាំអ្នក ដំណើរមួយគ្រឿងនៃក្រុមហ៊ុនអាកាសចរណ៍ Vistara បានប៉ះទង្គិចគ្នាជាមួយយន្ដហោះមួយគ្រឿងផ្សេងទៀតរបស់ ក្រុមហ៊ុន Air India នៅក្នុងដែនអាកាសនៅទីក្រុង ម៉ុមបៃ (Mumbai)។
«ការិយាល័យស៊ើបអង្កេតផ្នែកគ្រោះថ្នាក់អាកាសចរណ៍ បានចាប់ផ្តើមបើកការស៊ើបអង្កេត ខណៈយន្ដហោះដឹកអ្នកដំណើរទាំងពីរ ផ្ទុកពេញដោយអ្នកដំណើរបានស្ថិតនៅចំងាយ តែជាង ១០០ហ្វីត (៣០ម៉ែត្រ) ប៉ុណ្ណោះពីគ្នា»។ នេះបើតាមការគូសបញ្ជាក់របស់ក្រុមមន្ត្រីអាកាសចរណ៍ឥណ្ឌា។
គួរបញ្ជាក់ថា នៅពេលជួបឧប្បដិហេតុនេះ យន្ដហោះដឹកអ្នកដំណើរនៃក្រុមហ៊ុន Vistara មានផ្ទុកអ្នកដំណើរ ១៥២នាក់ ក្នុងផ្លូវធ្វើដំណើរពីទីក្រុងញូដេលី ឆ្ពោះទៅកាន់ទីក្រុង Mumbai។ ចំណែកឯ យន្ដហោះរបស់ក្រុមហ៊ុន Air India មានគោលដៅហោះហើរទៅកាន់ទីក្រុង Bhopal ជាមួយអ្នកដំណើរ ១០៩នាក់៕