(ម៉ូស្គូ)៖ យោធាប្រទេសរុស្ស៊ីបានធ្វើតេស្ត មីស៊ីលសម្រាប់ការពារដែនអាកាស ដែលទើបបង្កើនសមត្ថភាពថ្មីដោយជោគជ័យ នៅឯទីលានសាកល្បងមួយ ក្នុងប្រទេសកាហ្សាក់ស្ថាន។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មាន នៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករុស្ស៊ី ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមសម្តីរបស់មេបញ្ជារង នៃកងអង្គភាពការពារមីស៊ីល និងដែនអាកាស នៃប្រទេសរុស្ស៊ីលោក អានឌ្រៃ ព្រីកហូដកូ (Andrei Prikhodko) ថ្លែងប្រាប់សារព័ត៌មានរុស្ស៊ី ក្រាសណាយ៉ា ស្វេហ្សដា (Krasnaya Zvezda) មីស៊ីលការពារដែនអាកាស ដែលទើបត្រូវបង្កើនសមត្ថភាពថ្មីមួយ បានវាយប្រហារចំគោលដៅ ជាមួយភាពត្រឹមត្រូវដែលបានកំណត់ជាក់លាក់ ដោយជោគជ័យ នៅឯទីលានសាកល្បង សារី ហ្សាហ្គាន់ (Sary Shagan) របស់ប្រទេសកាហ្សាក់ស្ថាន។
គួរជម្រាបថា បើតាមលោក Prikhodko មីស៊ីលការពារដែនអាកាសថ្មីនេះ មានសមត្ថភាពបាញ់ស្ទាក់ ការវាយប្រហារតែមួយ ឬជាច្រើនព្រមគ្នាបានផងដែរ សូម្បីតែការប្រើប្រាស់មីស៊ីលផ្លោងឆ្លងទ្វីបជំនាន់ថ្មីៗ ខណៈឈ្មោះរបស់សព្វាវុធនេះ មិនត្រូវបានបញ្ជាក់ច្បាស់ឡើយ៕