(ញូយ៉ក)៖ អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរ៉ែស (Antonio Guterres) បានបង្ហាញក្ដីទុក្ខក្រៀមក្រំ និងសោកស្ដាយ ចំពោះសោកនាដកម្មធ្លាក់យន្ដហោះរុស្ស៊ីមួយគ្រឿង ដែលបានផ្ដាច់យកជីវិតអ្នកដំណើរទាំងអស់គ្មានសល់ម្នាក់។ នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអាទិត្យ (ម៉ោងនៅញូយ៉ក) ដោយអ្នកនាំពាក្យរបស់ លោក Guterres បានឲ្យដឹងថា លោកអគ្គលេខាធិការចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំដល់សាច់ញាតិជនរងគ្រោះ និងប្រជាជនព្រមទាំងរដ្ឋាភិបាលរុស្ស៊ី។ យន្ដហោះដឹកអ្នកដំណើរ អាន់តូនូវ (Antonov-148) របស់ក្រុមហ៊ុនអាកាសចរណ៍ សារ៉ាតូវ (Saratov Airlines) បានធ្លាក់កាលពីថ្ងៃអាទិត្យ តែប៉ុន្មានាទី ប៉ុណ្ណោះបន្ទាប់ហោះឡើងចេញពីអាកាសយានដ្ឋាន ដូម៉ូដេដូវ៉ូ (Domodedovo) ក្នុងទីក្រុងម៉ូស្គូ ដោយសម្លាប់មនុស្សទាំងអស់ ៧១នាក់ ក្នុងនោះមានអ្នកដំណើរ ៦៥នាក់ និងអាកាសយានិក ០៦នាក់។
យន្ដហោះ Antonov-148 មានគោលដៅហោះហើរពីអាកាសយានដ្ឋាន ដូម៉ូដេដូវ៉ូ (Domodedovo) ក្នុងទីក្រុងម៉ូស្គូ ឆ្ពោះទៅកាន់ទីក្រុង អស់ក៍ (Orsk នៃតំបន់ អូរែនប៊ឺក (Orenburg) ភាគខាងលិចប្រទេសរុស្ស៊ី។ តែជាអកុសល្យយន្ដហោះបានធ្លាក់នៅចំងាយប្រមាណ ៨០គីឡូម៉ែត្រ ពីទីក្រុងម៉ូស្គូ ក្រោយដាច់ការទាក់ទងនៅម៉ោងប្រមាណ ១៤៖២១នាទី (ម៉ោងនៅក្នុងទីក្រុងម៉ូស្គូ)៕