(សេអ៊ូល)៖ នៅអំឡុងចុងសប្តាហ៍កន្លងទៅនេះ ក្រុមសកម្មជនជ្រុលនិយមកូរ៉េខាងត្បូង បានដុតបំផ្លាញទង់ជាតិកូរ៉េខាងជើង រួមជាមួយនិងរូបថតរបស់លោក គីម ជុងអ៊ុន ដើម្បីសម្តែងការប្រឆាំងជំទាស់ ទៅនឹងកិច្ចប្រឹងប្រែងនៃរបស់ប្រទេសទាំងពីរ ដែលចង់លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្នុងអំឡុងការចាប់បើកព្រឹត្តិការណ៍អូឡាំពិករដូវរងាលើកទី ២៣ នៅប្រទេសកូរ៉េខាងត្បូង ដោយពួកគេបានចាត់ទុកថា ការឱនលំទោនផ្នែកការទូតនេះ គឺជារឿងដ៏អាម៉ាសមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានអង់គ្លេស Daily Mail នៅរសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្នុងកិច្ចចាប់ផ្តើមនៃព្រឹត្តិការណ៍អូឡាំពិករដូវរងា PyeongChang 2018 ក្រុមបាតុករកូរ៉េខាងត្បូង បានដុតទង់ជាតិព្រមទាំងរូបថតនៃប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុនអ៊ុន ដែលបានបញ្ជូនប្អូនស្រីបង្កើតជាតំណាងជាន់ខ្ពស់របស់ខ្លួន គឺអ្នកនាង គីម យ៉ូចុង អមដំណើរជាមួយមន្រ្តីធំៗជាច្រើនរូបទៀត ដើម្បីមកចូលរួមពិធីបើកការប្រកួតកីឡាអន្តរជាតិនេះ។
ក្នុងឱកាសនៃការអញ្ជើញមកដល់របស់គណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង ប្រធានាធិបតីកូរ៉េខាងត្បូង បានផ្តល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដោយក្នុងនោះលោក មូន ជែអ៊ីន បានរៀបចំការពិសាអាហារជាមួយអ្នកនាង គីម យ៉ូចុង និងប្រធានសភាកូរ៉េខាងជើង លោក គីម យ៉ុងណាំ, ការជួបពិភាក្សាក៏ដូចជាសំណេះសំណាលសួរសុខទុក្ខគ្នា, ការមើលការប្រកួតកីឡានៃក្រុមអត្តពលិកមកពីប្រទេសទាំងពីរ ដែលបានលេងរួមគ្នា និងការទស្សនាការប្រគុំតន្រ្តីរបស់ក្រុមសិល្បៈករ-សិល្បៈការិនីកូរ៉េខាងជើង ជាមួយគ្នាជាដើម។
យ៉ាងណាមិញ ឥរិយាបថទន់ភ្លន់របស់មេដឹកនាំកូរ៉េខាងត្បូង ដោយបណ្តាលឲ្យក្រុមអ្នកអភិរក្ស និងជាតិនិយម នៅក្នុងប្រទេសរបស់លោក មានការមិនពេញចិត្តជាខ្លាំង ដោយពួកគេបានចោទរូបលោកថា ជាអ្នកគាំទ្រកូរ៉េខាងជើងថែមទៀតផង។ ក្រុមអ្នកតវ៉ាបានលើកឡើងថា ភាពឱនលំទោនផ្នែកការទូតរបស់លោក មូន ជែអ៊ីន បានអនុញ្ញាតឲ្យកូរ៉េខាងជើង សម្តែងល្ខោនឃោសនានៅក្នុងរដ្ឋធានីសេអ៊ូល ហើយកំពុងធ្វើឲ្យហិនហោចនូវសម្ព័ន្ធភាពផ្នែកយោធា ជាមួយសហរដ្ឋអាមេរិក។ ក្រុមបាតុករ បាននិយាយដូច្នេះថា «ការដែលឃើញពួកកុម្មុយនិស្តទាំងអស់នេះ ជាន់ដីបេះដូងនៃទីក្រុងសេអ៊ូល គឺជារឿងដ៏អាម៉ាសបំផុតមួយ»។
គួរជម្រាបថា វត្តមានរបស់ក្រុមមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងនៅកូរ៉េខាងត្បូង នាប៉ុន្មានថ្ងៃនៃកិច្ចចាប់ផ្តើមបើកព្រឹត្តិការណ៍អូឡាពិកឆ្នាំ២០១៨ បានគ្របដណ្តប់គ្រប់គ្រងលើចំណងជើងនៃប្រព័ន្ធព័ត៌មាននានា ជុំវិញពិភពលោក ដោយក្រសែភ្នែកទាំងអស់ គឺបានសំឡឹងមើលទៅលើអ្នកនាង គីម យ៉ូចុង វ័យប្រហែលខ្ទង់ ៣០ឆ្នាំ ដែលជាមនុស្សដ៏ជំនិតបំផុតម្នាក់ នៅក្បែរបងប្រុសបង្កើតរបស់ខ្លួន៕