(ម៉ូស្គូ)៖ ក្មេងស្រីម្នាក់អាយុ ០៥ឆ្នាំ និងម្ដាយរបស់នាង បានស្ថិតនៅក្នុងចំណោមជនរងគ្រោះទាំង ៧១នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះដឹកអ្នកដំណើររុស្ស៊ីមួយគ្រឿង កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅរសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្មេងស្រីឈ្មោះ ណាដេហ្សដា ក្រាសូវ៉ា (Nadezhda Krasova) បានស្លាប់ជាមួយនឹងម្ដាយរបស់នាងឈ្មោះ អូកសាណា ក្រាសូវ៉ា (Oksana Krasova) អាយុ ៣២ឆ្នាំ បន្ទាប់ពីយន្ដហោះ អាន់តូណូវ (Antonov An-148) នៃក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Saratov Airlines បានធ្លាក់នៅភូមិ អាហ្គូណូវ៉ូ (Argunovo) ស្ថិតនៅចំងាយប្រមាណ ៨០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ទីក្រុង Moscow។ ម្យ៉ាងវិញទៀត ដូចជនរងគ្រោះដទៃមួយ ចំនួនម្ដាយកូនទាំងពីរនាក់នេះ គឺជាអ្នកដំណើរមកទីក្រុង Orsk។
សូមជំរាបថា អ្នកដំណើរ ៦៥នាក់ និងអាកាសយានិក ០៦នាក់ ជិះនៅលើយន្ដហោះដែលធ្លាក់ កាលពីថ្ងៃអាទិត្យត្រូវគេអះអាងថា បានស្លាប់ទាំងអស់ រីឯមូលហេតុនៃសោកនាដកម្មនេះ មិនត្រូវបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ខណៈក្រុមអ្នកស៊ើបអង្កេតសន្និដ្ឋានជាបឋមថា អាចមកពីបញ្ហាអាកាសធាតុ កត្តាមនុស្ស និងបញ្ហាបច្ចេកទេស។ ចំណែកឯអាជ្ញាធររុស្ស៊ីបានប្រកាសកាន់ទុក្ខ ដល់ជនរងគ្រោះទាំងអស់រយៈពេលមួយថ្ងៃ នៅថ្ងៃចន្ទនេះ៕