BREAKING NEWS: សហរដ្ឋអាមេរិក «ផ្ញើសាររំលែកទុក្ខក្រុមគ្រួសារជនរងគ្រោះទាំង ៧១នាក់ ដែលស្លាប់ក្នុងករណីធ្លាក់យន្តហោះរុស្ស៊ី»
12-02-2018 11:40
(ម៉ូស្គូ)៖ សហរដ្ឋអាមេរិកបានសម្ដែងមរណៈទុក្ខ និងការសោកស្ដាយយ៉ាងជ្រាវជ្រៅ ដល់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះទាំង ៧១នាក់ ដែលបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះរុស្ស៊ី An-148 កាលពីថ្ងៃអាទិត្យ នៅក្បែរ ទីក្រុងម៉ូស្គូ។ នេះបើតាមសេតវិមាន ចុះផ្សាយបន្តដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកមានការសោកស្ដាយយ៉ាង ជ្រាលជ្រៅ ចំពោះសោកនាដកម្មបាត់បង់អាយុជីវិត នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ នៃជើងហោះហើរ ៧០៣ របស់ក្រុមហ៊ុនអាកាសចរណ៍ សារ៉ាតូវ (Saratov Airlines)។ យើងក៏សូមចូលរួមសម្ដែងនួវមរណៈទុក្ខយ៉ាងក្រៀមក្រំផងដែរ ដល់ក្រុម គ្រួសារសាច់ញាតិជនរងគ្រោះ ដែលបានបាត់មនុស្សជាទីស្រឡាញ់ និងប្រជាជនរុស្ស៊ីទាំងមូល»។
គួរបញ្ជាក់ថា អ្នកដំណើរ ៦៥នាក់ និងអាកាសយាននិក ០៦នាក់ ជិះនៅលើយន្ដហោះដែលធ្លាក់ កាលពីថ្ងៃអាទិត្យត្រូវគេអះអាងថា បានសម្លាប់ទាំងអស់ រីឯមូលហេតុនៃសោកនាដកម្មនេះ មិនត្រូវបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ខណៈក្រុមអ្នក ស៊ើបអង្កេតសន្និដ្ឋានជាបឋមថា អាចមកពីបញ្ហាអាកាសធាតុ កត្តាមនុស្ស និងបញ្ហាបច្ចេកទេស៕