(វ៉ាស៊ីនតោន)៖ ភាពស្រពិចស្រពិលនៃវិស័យអវកាស កាន់តែខិតជិតដល់មែនទែនហើយ ដោយពេលនេះរដ្ឋបាល លោក ដូណាល់ ត្រាំ កំពុងតែរៀបចំផែនការ ក្នុងការកាត់ផ្តាច់ជំនួយទាំងស្រុងតែម្តង ចំពោះស្ថានីយអវកាសអន្តរជាតិ ISS ហើយព្រលែងវាទៅឲ្យវិស័យឯកជនជាអ្នកគ្រប់គ្រងបន្តវិញ ដែលប្រការនេះនឹងធ្វើឲ្យរដ្ឋបាលអាមេរិក ចំណេញបានថវិកា ០៤ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ នេះបើតាមការចេញផ្សាយដោយ Telegraph របស់អង់គ្លេស នាព្រឹកថ្ងៃចន្ទទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
ចំពោះគំរោងនេះ គឺត្រូវបានបញ្ចេញប៉ុន្មានសប្តាហ៍កន្លងមកហើយ ប៉ុន្តែភាពច្បាស់ការខ្លាំងទើបតែកើតឡើងនាពេលនេះប៉ុណ្ណោះ ដោយវាអាចនឹងត្រូវអនុវត្តន៍ ចាប់ពីឆ្នាំ២០២៤តទៅ ប្រសិនបើសភានាពេលខាងមុខនេះ អនុម័តតាមសេចក្តីព្រាងរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ដែលកំពុងឈរលើគោលនយោបាយ សន្សំសំចៃថវិកាជាតិនោះ។
សម្រាប់អ្នកគាំទ្រចំពោះអ្វីដែល ISS បាន និងកំពុងធ្វើប្រតិបត្តិការនោះ កំពុងតែមានការព្រួយបារម្ភខ្លាំងថា ការសម្រេចដកជំនួយរបស់អាមេរិក នារយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ នឹងធ្វើឲ្យស្ថានីយអវកាស ធំជាងគេតែមួយលើកលោកនេះ ជួបបញ្ហាធំ ព្រោះចាប់តាំងពីការដំណើរការជាផ្លូវការពីឆ្នាំ១៩៩៨ មកទល់នឹងបច្ចុប្បន្ន អវកាសយានិក និងអ្នកជំនាញនានាមកពី ១៧ប្រទេស បានប្រាស្រ័យផលប្រយោជន៍ និងចូលរួមអភិវឌ្ឍន៍នៅលើនោះរួចមកហើយ។
ទោះបីជាមានការព្រួយបារម្ភលេចឮច្រើនឡើងៗក៏ដោយ ឯកសារផ្ទៃក្នុងរបស់ NASA ត្រូវបានទម្លាយឲ្យដឹងថា ក្នុងករណីដែលរដ្ឋាភិបាលសហព័ន្ធអាមេរិក សម្រេចឈប់ផ្តល់ជំនួយដោយផ្ទាល់ដល់ទីភ្នាក់ងារអវកាសនេះក៏ដោយ ក៏សេតវិមាននឹងគ្មានគំរោងបោះបង់ចោលមន្ទីរពិសោធន៍លើអាកាសនេះទាំងស្រុងដែរ ហើយអាមេរិកនឹងទាក់ទាញវិស័យឯកជន ឲ្យមកបន្តទ្រទ្រង់ស្ថានីយអវកាស ISS ដើម្បីអាចបន្តសកម្មភាពទៅមុខដោយគ្មានបញ្ហា។
គួរបញ្ជាក់ថា ការប្រកាសផ្តាច់ជំនួយពី ISS នេះគឺមិនមែនជារឿងដែលរដ្ឋបាល ត្រាំ ទើបគិតគូរនោះឡើយ ហើយប្រការនេះយើងអាចសំឡឹងទៅមើលសកម្មភាពរបស់ក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា-អវកាសឯកជន កំពុងតែមានសន្ទុះខ្លាំង ដូច្នេះអាមេរិកមានគោលដៅឲ្យស្ថានីយអវកាស ក្លាយជាទីតាំងដែលវិស័យឯកជនអាចធ្វើការវិនិយោគផងដែរ ដែលវានឹងអាចជម្រុញល្បឿននៃការអភិវឌ្ឍ និងជាការរក្សាថវិកាជាតិបានមួយផ្នែក៕