(វ៉ាស៊ីនតោន)៖ ជាមួយការអនុម័តកញ្ចប់ថវិកាយោធាប្រមាណ ៧០០ពាន់លានដុល្លារសម្រាប់រយៈពេលតែមួយឆ្នាំ ដោយវាគឺជាចំនួនដ៏ច្រើនបំផុត ដែលមន្ទីរបញ្ចកោណ (ក្រសួងការពារជាតិអាមេរិក) ទទួលបាន និងដាច់ឆ្ងាយលើសការចំណាយលើវិស័យយោធានៃប្រទេសរុស្ស៊ី និងចិន ដែលជាគូប្រជែងរបស់ខ្លួនរួមបញ្ចូលគ្នាទៀតនោះ សេតវិមានរបស់ លោក ត្រាំ បានផ្តល់ឲ្យខ្លួនឯងនូវលទ្ធភាព ដើម្បីបង្កើនចំនួនកងទ័ពរាប់ពាន់នាក់បន្ថែម ព្រមទាំងទិញបរិក្ខាយោធា និងសព្វាវុធទំនើបថ្មីៗ រួមមានយន្តហោះចម្បាំង និងនាវាចម្បាំង ក៏ដូចជាឱកាសសម្រាប់ពង្រីកលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក តាមរយៈការប្រើប្រាស់យោធា នៅជុំវិញពិភពលោក ឲ្យកាន់តែខ្លាំងក្លាថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
ដោយគូសបញ្ជាក់ថា កាបូបលុយរបស់ក្រសួងការពារជាតិអាមេរិក នឹងត្រូវកើនឡើងម្តងទៀតនៅឆ្នាំ២០១៩ គឺដល់ទៅ ៧១៦ពាន់លានដុល្លារនោះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បានលើកឡើងថា ថវិកាទាំងអស់នោះ គឺចាំបាច់ជាខ្លាំង ដើម្បីត្រៀមលក្ខណៈដល់កងទ័ពអាមេរិក នៅតាមតំបន់សមរភូមិក្តៅជុំវិញពិភពលោក រួមមានប្រទេសអាហ្វហ្គានីស្ថានជាដើម និងដើម្បីទប់ទល់ចំពោះការគំរាមកំហែងនៃសង្រ្គាម ដែលអាចផ្ទុះឡើងជាមួយប្រទេសកូរ៉េខាងជើង។
កញ្ចប់ថវិកាយោធាថ្មីខាងលើនេះ ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលរួមមាននូវការចំណាយកើនឡើងដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់មន្ទីរបញ្ចកោណ ជាមួយការកើនឡើង ៩៤ពាន់លានដុល្លារពីកញ្ចប់ថវិកាកាលពីឆ្នាំ២០១៧ ពោលគឺកើនឡើង ១៥.៥ភាគរយ។
គួរជម្រាបថា បើតាមរបាយការណ៍នាពេលថ្មីៗរបស់ UN កញ្ចប់ថវិកាយោធារបស់សហរដ្ឋអាមេរិក គឺច្រើនលើសលប់ជាងការចំណាយលើវិស័យការពារជាតិរបស់ចិន អារ៉ាប៊ីសាអូឌីត រុស្ស៊ី ចក្រភពអង់គ្លេស ឥណ្ឌា បារាំង និងជប៉ុន រួមបញ្ចូលគ្នាទៅទៀត៕