(វ៉ាស៊ីនតោន)៖ ប្រជាជនកូរ៉េខាងជើងភាគច្រើនគិតថា ការបង្រួបបង្រួមគ្នាជាមួយកូរ៉េខាងត្បូង គឺជារឿងចាំបាច់ពីព្រោះ កូរ៉េទាំងពីរកើតចេញពីពូជសាសន៍តែមួយ។ នេះបើតាមការស្ទង់មតិមួយដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
ការស្ទង់មតិក្រោមគំរោង Beyond Parallel នៃវិទ្យាស្ថានយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ របស់សហរដ្ឋអាមេរិក បានសម្ភាសន៍ប្រជាជនកូរ៉េខាងជើង ៣៦នាក់ ដែលរស់នៅក្នុងរដ្ឋកុម្មុយនីស្ដមួយនេះ ក្នុងរយៈពេលមិនកំណត់មួយក្រោយឆ្នាំ២០១៦។
លើសពីនេះទៅទៀត ការស្ទង់មតិនេះបានរកឃើញថា ប្រជាជនកូរ៉េខាងជើង ៣៤នាក់ ឬស្មើនឹង ៩៤ភាគរយ ក្នុងចំណោមអ្នកត្រូវបានសាកសួរ គិតថា ការបង្រួបបង្រួមជាតិជាមួយកូរ៉េខាងត្បូង គឺជារឿងចាំបាច់ក្នុងនោះ ៤៤ភាគរយ យល់ថា ចាំបាច់ត្រូវរួមគ្នាដោយសារតែកូរ៉េទាំងពីរ កើតចេញពីពូជសាសន៍តែមួយ និង ២៩.៤ភាគរយគិតថា ក្រោមហេតុផលសេដ្ឋកិច្ច ខណៈ ១៤.៧ភាគរយថា ដើម្បីដោះស្រាយបញ្ហាប្រជាជនកូរ៉េ ដែលបានព្រាត់ប្រាសគ្នាក្នុងសង្រ្គាមកូរ៉េ។
គួរបញ្ជាក់ថា ប្រជាជនកូរ៉េខាងជើងត្រូវបានសម្ភាសន៍មានបុរស ២០នាក់ និងស្ត្រី ១៦នាក់ មានអាយុចន្លោះពី ២៨ ដល់ ៨០ឆ្នាំ។ ពួកគេរស់នៅក្នុងខេត្តចំនួន ០៨ ផ្សេងៗពីគ្នារបស់កូរ៉េខាងជើង ហើយអ្នកខ្លះគឺជាកម្មករ វេជ្ជបណ្ឌិត ប្រធានក្រុមហ៊ុន និងកម្មកររោងចក្រជាដើម។ ដោយឡែកកាលពីឆ្នាំ២០១៧ ការស្ទង់មិតរបស់ទីក្រុងសេអ៊ូល ក៏បានបង្ហាញដែរថា ប្រជាជនកូរ៉េខាងត្បូង ៥៧.៨ភាគរយ ចង់ឱ្យកូរ៉េទាំងបង្រួបបង្រួមគ្នា៕