(ញូយ៉ក)៖ គ្រោះរញ្ជួយផែនដីកម្រិត ៦.២រ៉ិចទ័រ ដែលបានវាយប្រហារចំដែនសមុទ្រនៃប្រជុំកោះ ម៉ារីយ៉ាណាខាងត្បូង (Northern Mariana) ជាតំបន់រដ្ឋបាលរបស់សហរដ្ឋអាមេរិក នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរនឹងកោះហ្គាំ ប៉ុន្តែវាពុំបានបង្កជារលកយក្សស៊ូណាមិ ឬក៏មនុស្សរងគ្រោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយដីខាងលើ មានជម្រៅ ១០គីឡូម៉ែត្រ ក្រោមបាតសមុទ្រហើយមកទល់ពេលនេះ គឺពុំមានការប្រកាសអាសន្នណាមួយ ពីមជ្ឈមណ្ឌលតាមដានរលកយក្សស៊ូណាមិ ប្រចាំប៉ាស៊ីហ្វិកឡើយ ខណៈបើតាមការវិភាគទិន្នន័យ ប្រជុំកោះ Northern Mariana និងតំបន់ជុំវិញនោះ នឹងមិនទទួលរងការគំរាមកំហែង ពីរលកយក្សស៊ូណាមិទេ។
គួរជម្រាបថា ប្រជុំកោះ Northern Mariana មានមនុស្សរស់នៅសរុប ៥៥,០២៣នាក់ ហើយវាស្ថិតនៅចំពោះចំណុចខ្សែក្រវាត់ភ្លើង ដែលលាតសន្ធឹងនៅជុំវិញមហាសាគរប៉ាស៊ីហ្វិក គឺជាកន្លែងកើតមានសកម្មភាព បន្ទុះភ្នំភ្លើង និងរញ្ជួយដីញឹកញាប់បំផុត៕