ទោះជាបែបណាក្តី សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង «ប្តេជ្ញារក្សាជំហរលុបបំបាត់ អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង...»
12-02-2018 09:35
(សេអ៊ូល)៖ អនុប្រធានាអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) បានអះអាងថា លោក និងមិត្តភក្តិកូរ៉េខាងត្បូងរបស់លោក គឺលោក មូន ជែអ៊ីន បាននៅតែរក្សាជំហរប្ដេជ្ញាចិត្ត លុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ខណៈដែលទីក្រុងព្យុងយ៉ាងហាក់ដូចជាបានបន្ទន់ឥរិយាបថ ចង់ផ្សះផ្សាទំនាក់ទំនងជាមួយបងប្អូនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់ លោក Pence ធ្វើឡើងនៅអំឡុងពេលលោកធ្វើដំណើរចាកចេញពីប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍។ ថ្លែងនៅលើ Twitter អនុប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា «គាត់ (លោក មូន) ហើយនិងខ្ញុំ យើងទាំងពីរបានអះអាងពីការប្ដេជ្ញាចិត្តរបស់ពួកយើង ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ»។
លោក Pence បន្ថែមថា «ខ្ញុំពិតជារីករាយណាស់ ចំពោះទំនាក់ទំនងដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាង ត្បូង ពោលគឺយើងនឹងឈរប្រកៀកស្មាគ្នាជាមួយកូរ៉េខាងជើង និងសម្ព័ន្ធមិត្តរបស់យើង ដើម្បីបន្តដាក់សម្ពាធជាអតិបរមា លើទីក្រុងព្យុងយ៉ាង»។
គួររំលឹកថា កាលពីមុន និងអំឡុងពេលបំពេញទស្សនកិច្ចមកចូលរួម ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅ កូរ៉េខាងត្បូង លោក Mike Pence ក៏បានសន្យាដែរថា សហរដ្ឋអាមេរិក នឹងមិនបណ្ដោយឱ្យកូរ៉េខាងជើងប្រើប្រាស់ ព្រឹត្តិការណ៍នេះជាការឃោសនា ដើម្បីបិទបាំងការរំលោភសិទ្ធិមនុស្សជាដាច់ខាត៕