(ម៉ូស្គូ)៖ ប្រធានក្រុមហ៊ុនឧស្សហកម្មការពារជាតិរុស្ស៊ី Rostec លោក ស៊ីហ្គៃ ជែមែសូវ (Sergey Chemezov) បាននិយាយថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេច ក្នុងការលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ឱ្យគ្រប់ប្រជាជាតិទាំងអស់រួមទាំង សហរដ្ឋអាមេរិក បើសិនជាពួកគេមានអារម្មណ៍ថា ខ្លួនគ្មានសុវត្ថិភាព និងចង់បានប្រព័ន្ធមីស៊ីលមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Sergey Chemezov ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Wall Street Journal នៅក្នុងសប្ដាហ៍នេះ។ ប្រធានក្រុមហ៊ុន Rostec រូបនេះបានគូសបញ្ជាក់ដូច្នេះថា «ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 មិនមែនជាប្រព័ន្ធឈ្លានពាននោះទេ ផ្ទុយទៅវិញវាគឺជាប្រព័ន្ធការពារដ៏ប្រសិទ្ធិភាព... ដូច្នេះយើងបាន ត្រៀមខ្លួនរួចជាស្រេច ក្នុងការលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ឱ្យគ្រប់ប្រជាជាតិទាំងអស់រួមទាំង សហរដ្ឋអាមេរិក បើសិនជាពួកគេមានអារម្មណ៍ថា ខ្លួនគ្មានសុវត្ថិភាព និងចង់បានប្រព័ន្ធមីស៊ីលមួយនេះ»។
គួរបញ្ជាក់ថា S-400 អភិវឌ្ឍន៍ឡើងដោយ Almaz Central Design Bureau របស់រុស្ស៊ីត្រូវបានដាក់ឱ្យដំណើរការ ចាប់តាំងពីឆ្នាំ២០០៧ ហើយវាមានសមត្ថភាពបាញ់កម្ទេចគោលដៅ ស្ថិតនៅចំងាយពី ៤០ ដល់ ៤០០គីឡូម៉ែត្រ។ ប្រព័ន្ធមីស៊ីលការពារដែនអាកាសនេះ មានតម្លៃប្រមាណជា ២.៥ពាន់លានដុល្លារ៕