(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបង្ហាញសម្តែងសមានចិត្តរំលែកទុក្ខ និងបានចេញបញ្ជាឲ្យគណៈរដ្ឋមន្ត្រីរបស់លោក បង្កើតគណៈកម្មការមួយដើម្បីធ្វើការស៊ើបអង្កេត ពាក់ព័ន្ធនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលបានសម្លាប់មនុស្សទាំងអស់៧១នាក់ ជិះនៅលើយន្តហោះនោះ។ នេះតាមសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយបន្តបន្ទាប់ឲ្យដឹងនៅមុននេះបន្តិច នាយប់ថ្ងៃទី១១ ខែកុម្ភៈនេះ។
ជើងហោះហើរលេខ៧០៣ ដែលប្រតិបត្តិដោយក្រុមហ៊ុន Saratov Airlines ផ្ទុកដោយអ្នកធ្វើដំណើរ៦៥នាក់ និងសហសេវិក៦នាក់ បានហោះចេញពីអាកាសយាន្តដ្ឋាន Domodedovo ឆ្ពោះទៅកាន់ទីក្រុង Orsk របស់រុស្ស៊ី នៅពេលដែលវាបានធ្លាក់ក្បែរជិតភូមិ Argunovo មានចម្ងាយជាង៨០គីឡូម៉ែត្រ ភាគខាងត្បូង ឆៀងខាងលិចទីក្រុង Moscow។
បំណែកយន្តហោះនិងសាកសពមនុស្សជាច្រើន ត្រូវបានគេរកឃើញ នៅជិតភូមិ Stepanovskoe, នេះបើតាមការបញ្ជាក់ពី ក្រុមជួយសង្គ្រោះ។
អាជ្ញាធរអាកាសចរណ៍រុស្ស៊ី (Rosaviatsia) បានបញ្ជាក់ថា យន្តហោះ ប្រភេទ AN-148 បានហោះចេញពីអាកាសយាន្តដ្ឋាន Domodedovo នៅវេលាម៉ោង២៖២១នាទីល្ងាច ហើយបានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដាភ្លាមៗ ក្រោយពីហោះឡើងបានបន្តិច។
ក្រុមអ្នកជួយសង្គ្រោះ, រថយន្តសង្គ្រោះបន្ទាន់ និងក្រុមមន្ត្រីពន្តត់អគ្គីភ័យ បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ហើយបើកនូវប្រតិបត្តិការរបស់ខ្លួន។ បើតាមសម្តីលោក Andrei Kulakov អភិបាលស្រុក Ramenskoe បានប្រាប់ឲ្យដឹងថា «ព្រិលធ្លាក់មានជម្រៅជ្រៅ ដូច្នេះយើងត្រូវការបរិក្ខាធន់ធ្ងន់ ដើម្បីធ្វើប្រតិបត្តិការនៅកន្លែងដែលយន្តហោះធ្លាក់»។
គួររំឮកថា កាលពីខែធ្នូ ឆ្នាំ២០១៦, យន្តហោះមួយគ្រឿងរបស់រុស្សី ដែលធ្វើដំណើរទៅកាន់ស៊ីរី ផ្ទុកដោយក្រុមតន្ត្រីយោធា ដើម្បីប្រគុំកម្សាន្ត ជូនទៅដល់កងកម្លាំងរុស្ស៊ីនៅទីនោះ បានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅភ្លាមៗ បន្ទាប់ពីហោះឡើងបានបណ្តាលឲ្យមនុស្ស៩២នាក់ ដែលជិះនៅលើនោះស្លាប់បាត់បង់ជីវិតទាំងអស់៕