(សេអ៊ូល)៖ យោងតាមភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ ចេញផ្សាយនាយប់ថ្ងៃទី១១ ខែកុម្ភៈនេះ បានឲ្យដឹងថា ប្រតិភូជាន់ខ្បស់របស់ប្រទេសកូរ៉េខាងជើង បានធ្វើដំណើរវិលត្រឡប់ ទៅកាន់ប្រទេសរបស់ខ្លួនវិញហើយ នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅកូរ៉េខាងត្បូង។
ប្រតិភូដែលដឹកនាំដោយលោក Kim Yong Nam ប្រធានសភាប្រជាជនកំពូលរបស់កូរ៉េខាងជើង បានធ្វើដំណើរទៅដល់កូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ ដើម្បីចូលរួមនៅក្នុងពិធីបើក នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ក្នុងនោះលោកស្រី Kim Yo Jong ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ក៏មានវត្តមានផងដែរ។
បន្ថែមពីលើការចូលរួមទស្សនារួមគ្នា នៃពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in, លោកស្រី Kim Yo Jong និងលោក Kim Yong Nam ក៏បានជួបពិភាក្សាការងារ ជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូង នៅវិមានប្រធានាធិបតី Blue House នាទីក្រុង Seoul កាលពីថ្ងៃសៅរ៍ផងដែរ។
នៅក្នុងជំនួបនោះ, លោកស្រី Kim Yo Jong បានប្រគល់ជូនលិខិតផ្ទាល់ខ្លួនមួយ ពីបងប្រុសរបស់លោកស្រី គឺលោក Kim Jong Un មេដឹកនាំកំពូលរបស់កូរ៉េខាងជើង ទៅកាន់លោក Moon, នៅក្នុងលិខិតនោះបានសរសេរថា «ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងរដ្ឋាភិបាលក្រុងសេអ៊ូល នឹងកាន់តែជិតស្និតក្នុងបេះដូងនៃប្រជាពលរដ្ឋកូរ៉េទាំងពីរ ព្រមទាំងឈានទៅរកការបង្រួបបង្រួម និងរីកចម្រើន នាពេលអនាគតឆាប់ៗខាងមុខ»។ ជាមួយនោះដែរប្អូនស្រីលោក Kim Jong Un បានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង ទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង នាពេលវេលាសមស្របណាមួយថែមទៀតផង»។ យ៉ាងនេះក្តីមិនទាន់មានការឆ្លើយតបបែបណាពីសំណាក់រដ្ឋាភិបាលក្រុង សេអ៊ូល ចំពោះការអញ្ជើញនេះនៅឡើយទេ។
បន្ទាប់ពីនោះ, ភាគីទាំងពីរបានចូលរួម និងអបអរសាទរជាមួយគ្នា ចំពោះក្រុមកីឡាជិះស្គីលើទឹកកក ប្រភេទស្រ្តី របស់ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង កាលពីរាត្រីថ្ងៃសៅរ៍ ហើយនៅថ្ងៃអាទិត្យនេះ ចូលរួមទស្សនាការសម្ដែងតន្ត្រីរបស់ក្រុមសិល្បៈករកូរ៉េខាងជើង នៅក្នុងទីក្រុងសេអ៊ូល។ នេះបើតាមក្រុមមន្ត្រីកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៨៕