(សេអ៊ូល)៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បាននិយាយថា ប្រទេសរបស់លោក និងកូរ៉េខាងត្បូងនឹង មិនបែកបាក់គ្នាដោយសារតែកូរ៉េខាងជើងនោះឡើយ ខណៈសម្ព័ន្ធមិត្តទាំងពីរឯកភាពគ្នាទាំងស្រុងលើភាពចាំបាច់នៃការ រក្សាការដាក់សម្ពាធលើរបបដឹកនាំទីក្រុងព្យុងយ៉ាង ឱ្យដោះដៃពីកម្មវិធីអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយ សារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១១ ខែកម្ភៈ ឆ្នាំ២០១៨។
លោក Mike Pence ថ្លែងបែបនេះនៅអំឡុងពេលធ្វើដំណើរចាកចេញទៅកាន់សហរដ្ឋអាមេរិកវិញ កាលពីថ្ងៃសៅរ៍ ក្រោយបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃ ក៏ដូចជាចូលរួមបើកកម្មវិធីប្រកួតកីឡាអូឡាំងពិករដូវរងាក្នុងប្រទេស កូរ៉េខាងត្បូង។ «ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន នឹងមិនបែកបាក់គ្នាដោយសារតែកូរ៉េខាងជើង នោះទេ ជាពិសេសគឺពាក់ព័ន្ធនឹងភាពចាំបាច់នៃការដាក់សម្ពាធទាំងសេដ្ឋកិច្ច និងការទូតរហូតដល់ទីក្រុងព្យុងយ៉ាង បោះបង់ចោលអាវុធនុយក្លេអ៊ែរ»។ នេះគឺជាការគូសបញ្ជាក់របស់អនុប្រធានាធិបតីអាមេរិក។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន មកបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ដែលនេះអាចនឹងក្លាយជាការបើកទំព័រប្រវត្តិសាស្ត្រនៃទំនាក់ទំនង រវាងបងប្អូនកូរ៉េទាំងពីរ។ មិនតែប៉ុណ្ណោះ លោក មូន ក៏បានបញ្ជាក់ដែរថា កូរ៉េទាំងពីរគួរតែធ្វើឱ្យរឿងបែបនេះកើតឡើង ប៉ុន្តែទន្ទឹមគ្នាលោកបានជម្រុញឱ្យទីក្រុងព្យុងយ៉ាងត្រឡប់មកចរចាជាមួយសហរដ្ឋអាមេរិកវិញ ស្របពេលក្រុមអ្នកជំនាញ ខ្លះយល់ថាកម្មវិធីអាវុធនុយក្លេអ៊ែរនៅតែជាឧបសគ្គដ៏ធំនៃទំនាក់ទំនងរវាងកូរ៉េទាំងពីរ៕