(សេអ៊ូល)៖ ក្រោយពីប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុនអ៊ុន បានលេងល្បែងការទូតមួយក្បាច់ដាក់កូរ៉េខាងត្បូង តាមរយៈការអញ្ជើញលោក មូន ជែអ៊ីន ឲ្យទៅបំពេញទស្សនកិច្ចនៅឯប្រទេសរបស់លោក ដើម្បីបើកកិច្ចជំនួបកំពូលមួយរវាងមេដឹកនាំនៃបងប្អូនកូរ៉េខាងទាំងពីរ ក្រុមអ្នកវិភាគបានមើលឃើញទង្វើនេះថា កំពុងធ្វើឲ្យប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅយប់ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងជំនួបពិភាក្សារវាងលោក មូន ជែអ៉ិន និងប្រតិភូកូរ៉េខាងជើង រួមមានប្រធានសភាលោក គីម យ៉ុងណាំ, ប្អូនស្រីបង្កើតលោក គីម ជុនអ៊ុន គឺអ្នកនាង គីម យ៉ូចុង ដែលត្រូវបានបញ្ជូនមកកូរ៉េខាងត្បូង ក្នុងនាមជាប្រេសិតពិសេសរបស់លោក គីម ជុងអ៊ុន ព្រមទាំងមន្រ្តីជាន់ខ្ពស់ពីររូបទៀត នាព្រឹកថ្ងៃសៅរ៍ លោក មូន បានទទួលលិខិតមួយច្បាប់ពីអ្នកនាង គីម យ៉ូចុង ដោយវាគឺជាលិខិតផ្ទាល់របស់លោក គីម ជុងអ៊ុន ដែលបានអញ្ជើញរូបលោកឲ្យទៅធ្វើទស្សនកិច្ច នៅឯប្រទេសកូរ៉េខាងជើង ហើយក្នុងលិខិតនោះលោក គីម ជុងអ៊ុន ក៏បានបង្ហាញពីឆន្ទៈក្នុងការកសាងទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យល្អប្រសើរផងដែរ។ «ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងរដ្ឋាភិបាលក្រុងសេអ៊ូល នឹងកាន់តែជិតស្និតក្នុងបេះដូងនៃ ប្រជាពលរដ្ឋកូរ៉េទាំងពីរ ព្រមទាំងឈានទៅរកការបង្រួបបង្រួម និងរីកចម្រើន នាពេលអនាគតឆាប់ៗខាងមុខ»។
ជុំវិញរឿងនេះ ក្រុមអ្នកវិភាគបានលើកឡើងថា ទង្វើរបស់លោក គីម ជុងអ៊ុន បានបង្ខំឲ្យមេដឹកនាំកូរ៉េខាងត្បូង លោក មូន ជែអ៉ិន ឈរលើចំណុចដ៏ លំបាកមួយ ពោលគឺត្រូវគិតគូរឲ្យបានហ្មត់ចត់ រវាងការលើកកម្ពស់ទំនាក់ទំនងអន្តរកូរ៉េ ដែលបានជាប់គាំងអស់រយៈពេលជាយូរណាស់មកហើយ និងធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់សម្ព័ន្ធភាពរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ក៏ដូចជាសាមគ្គីភាពរបស់អន្តរជាតិ ក្នុងការដាក់សម្ពាធទៅលើទីក្រុងព្យុងយ៉ាង ឲ្យបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ។
ការបោះជំហាននេះកំពុងបង្កើនលទ្ធភាព សម្រាប់កិច្ចប្រជុំកំពូលអន្តរកូរ៉េជាលើកដំបូង នៅក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ហើយវាក៏បាន បង្ហាញពីការប្រែប្រួលមួយ នៅក្នុងចំណងទាក់ទងទ្វេភាគី ដែលបានធ្លាក់ចុះដាបផងដែរ ក្រោយពីមានភាពតានតឹងជាមួយគ្នាអស់ជាច្រើនឆ្នាំ ដោយសារតែការធ្វើតេស្តមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
គិតចាប់តាំងតែពីសម័យសង្រ្គាមកូរ៉េមក ប្រទេសកូរ៉េទាំងពីរ ធ្លាប់បើកកិច្ចប្រជុំកំពូលរវាងមេដឹកនាំ តែ០២លើកគត់គឺក្នុងឆ្នាំ២០០០ និងឆ្នាំ២០០៧ ដែលបានប្រព្រឹត្តទៅនៅឯរដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាងជើងទាំងពីរលើក នៅពេលដែលកូរ៉េខាងត្បូង បានស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលរបស់លោក គីម ដេជុង (១៩៩៨-២០០៣) និងលោក រ៉ូ មូយុន (២០០៣-២០០៨) ដែលជាអ្នកសេរីនិយម។ ដោយឡែក កាលៈទេសៈកាលពីពេលនោះគឺខុសប្លែកខ្លាំងពីពេលបច្ចុប្បន្ន ដោយសព្វថ្ងៃនេះ កូរ៉េខាងជើងបានធ្វើការអភិវឌ្ឍកម្មវិធីមីស៊ីល-នុយក្លេអ៊ែររបស់ខ្លួន នៅក្នុងល្បឿនយ៉ាងលឿន ដែលនឹកស្មានពុំដល់និងគួរឲ្យព្រួយបារម្ភ។
ជាមួយគ្នានេះ អ្នកវិភាគមួយចំនួនបាននិយាយថា សំណើរបស់កូរ៉េខាងជើង ក្រៅពីចង់ស្វែងរកការបន្ធូរបន្ថយទណ្ឌកម្មពីអន្តរជាតិតាមរយៈការ រឹតចំណងទាក់ទងជាមួយកូរ៉េខាងត្បូង ក៏មានគោលដៅព្យាយាមបង្កភាពទាស់ទែស ក្នុងសម្ព័ន្ធភាពដ៏រឹងមាំរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងសេអ៊ូលផងដែរ។
ខណៈដែលក្រុមមន្រ្តីកូរ៉េខាងជើង បានជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងត្បូង និងបានស្នើឲ្យមានកិច្ចសន្ទនាថ្នាក់កំពូល ជាមួយទីក្រុងសេអ៊ូល តាមរយៈការអញ្ជើញលោក មូន ឲ្យទៅធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងបែបនេះនោះ ទីក្រុងព្យុងយ៉ាងបានអះអាងថា ខ្លួនគ្មានថ្ងៃអង្វរឲ្យមានការសន្ទនាក៏ដូចជា ចរចាគ្នាជាមួយសហរដ្ឋអាមេរិកឡើយ។ ម៉្យាងវិញទៀតនៅក្នុងឱកាសចូលរួមពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងា លើកទី២៣ នៅកូរ៉េខាងត្បូង មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង រូមមានលោក គីម យ៉ុងណាំ និងអ្នកនាង គីម យ៉ូចុង ហើយនិងអនុប្រធានាធិបតីអាមេរិក លោក មៃក៍ ភែន មិនបានសម្តែងការស្វាគមន៍រាក់ទាក់ដាក់គ្នាអ្វីបន្តិចឡើយ ទោះបីជាបានអង្គុយនៅតែប៉ុន្មានម៉ែត្រពីគ្នាប៉ុណ្ណោះក៏ដោយ ហើយលោក ភែន ក៏ទំនងជាបានបង្ហាញ ប្ញកពារមិនសូវជាសប្បាយចិត្តប៉ុន្មាននោះឡើយ ចំពោះភាពស្និទ្ធស្នាលរវាងកូរ៉េទាំងពីរ នៅក្នុងពិធីនោះ។
បើតាមក្រុមអ្នកជំនាញខ្លះ លោក មូន ជែអ៊ីន នឹងត្រូវបញ្ជូនប្រេសិតពិសេសទៅកាន់កូរ៉េខាងជើង ក្រោយពីបានកំណត់ពេលវេលាដ៏សមរម្យសម្រាប់ ដំណើរទស្សនកិច្ច តាមរយៈការធ្វើទំនាក់ទំនងក៏ដូចជាពិភាក្សាយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសដែលពាក់ព័ន្ធ។ ខ្លះទៀតថា កូរ៉េខាងត្បូង ត្រូវបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីជជែកឲ្យលម្អិតអំពីកិច្ចប្រជុំកំពូលរវាងប្រទេសទាំងពីរ ខណៈទីក្រុងសេអ៊ូល គួរតែរៀបចំយុទ្ធសាស្រ្តឲ្យបានច្បាស់លាស់អំពី របៀបសម្របសម្រួលគោលនយោបាយកូរ៉េខាងជើងរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។
យ៉ាងណាមិញ ទំនាក់ទំនងកូរ៉េទាំងពីរ នឹងឈានដល់ដំណាក់កាលដ៏សំខាន់មួយទៀត នៅដើមខែមេសាខាងមុខ នៅពេលដែលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បន្តធ្វើសមយុទ្ធយោធារួមរបស់ខ្លួនឡើយវិញ បន្ទាប់ពីបានព្រមព្រៀងគ្នាផ្អាកជាបណ្តោះសិន រហូតទាល់តែព្រឹត្តិការណ៍ អូឡាំពិក (ពីថ្ងៃទី០៩ ដល់ទីថ្ងៃទី២៥ ខែកុម្ភៈ) និងប៉ារ៉ាឡាំពិក (ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៨ ខែមីនា) បញ្ចប់ជាស្ថាពរ៕