(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានបដិសេធចំពោះសំណើពីសំណាក់ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ដែលចង់ឲ្យសមយុទ្ធយោធារួមគ្នា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បន្តប្រព្រឹត្តទៅជាធម្មតាឡើងវិញ ដោយលោក មូន បានចាត់ទុកវាថា គឺជាការបំពានទៅលើអធិបតេយ្យភាព នៃប្រទេសរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។
ការអំពាវនាវរបស់មេដឹកនាំជប៉ុនត្រូវបានធ្វើឡើង នៅក្នុងអំឡុងកិច្ចប្រជុំទ្វេភាគីមួយ ដែលធ្វើឡើងនៅក្រុង យ៉ុងព្យុង (Yongpyeong) នៅចម្ងាយ ២០០គីឡូម៉ែត្រ ភាគកើតរដ្ឋធានីសេអ៊ូល នាពីថ្ងៃសុក្រម្សិលមិញនេះ។ បើតាមមន្រ្តីដែលបានសុំមិនបញ្ចេញអត្តសញ្ញាណ នៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង (Cheong Wa Dae) លោក អាបេ បានសង្កត់ធ្ងន់ពីតម្រូវការចាំបាច់ សម្រាប់អ្វីដែលរូបលោក បានហៅថា ជាការផ្លាស់ប្តូរពិតប្រាកដ នៅក្នុងឥរិយាបថរបស់កូរ៉េខាងជើង ដោយលោកបានឡើងថា «វាពុំមែនជាពេលវេលាដ៏សាកសម សម្រាប់ឲ្យទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ពន្យារពេលក៏ដូចជាផ្អាក ការធ្វើសមយុទ្ធយោធារួមរបស់ប្រទេសទាំងពីរឡើយ។
បើតាមមន្រ្តីខាងលើ លោក មូន បានប្រាប់ទៅកាន់លោកនាយករដ្ឋមន្រ្តីវិញជប៉ុនថា «ខ្ញុំយល់ពីអ្វីដែលលោក អាបេ បាននិយាយ គឺកុំពន្យារពេលធ្វើសមយុទ្ធយោធា កូរ៉េខាងត្បូង-អាមេរិក ដរាបណាកិច្ចប្រឹងប្រែង ដើម្បីដកអាវុធនុយក្លេអ៊ែរពីដៃកូរ៉េខាងជើង នៅតែជាប់គាំង ពោលគឺពុំមានលទ្ធផលអ្វីនោះ។ ប៉ុន្តែនេះ គឺជាបញ្ហាស្តីពីអធិបតេយ្យភាពរបស់យើង ព្រមទាំងជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កូរ៉េខាងត្បូង។
គួរបញ្ជាក់ថា កាលពីដើមខែមករា ឆ្នាំ២០១៨ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានឯកភាពគ្នាផ្អាកការធ្វើសមយុទ្ធយោធារួម រហូតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាអូឡាំពិក ក្នុងទីក្រុង ព្យឿងចាង (PyeongChang) បិទបញ្ចប់។ កីឡាអូឡាំពិកនឹងប្រព្រឹត្តទៅពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ រីឯកីឡាប៉ារ៉ាពិកពីថ្ងៃទី០៩ ដល់ថ្ងៃទី១៨ ខែមីនា៕