(សេអ៊ូល)៖ នៅក្នុងឱកាសនៃការប្រគល់លិខិត អ្នកនាង គីម យ៉ូចុង ក៏បានជំរាបជូនលោកប្រធានាធិបតីកូរ៉េខាងត្បូងផ្ទាល់មាត់ថែមទៀតថា នៅក្នុងលិខិតនោះ «ក្រៅពីការអញ្ជើញលោក មូន ឲ្យទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថែមទាំងបញ្ជាក់ពីឆន្ទៈចង់ធ្វើឲ្យទំនាក់ទំនងកូរ៉េទាំងពីរ បានប្រសើរឡើងវិញ ហើយលោក គីម ទន្ទឹងរង់ចាំជួបជាមួយ លោក មូន ក្នុងពេលវេលាកាន់តែឆាប់ តាមដែលអាចទៅរួច»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។
សម្រាប់លិខិតអញ្ជើញខាងលើ ដែលលោក គីម ជុងអ៊ុន ផ្ញើតាមប្អូនស្រីមកប្រគល់ជូន លោក មូន ជែអ៊ីន ដោយផ្ទាល់ដៃនេះ គឺជាលើកដំបូងបំផុតមិនធ្លាប់មាននោះឡើយ នៅក្នុងប្រវត្តិសាស្ត្រមេដឹកនាំកូរ៉េទាំងពីរ ហើយលិខិតនេះត្រូវបានប្រគល់ ជូនលោក មូន នៅក្នុងឱកាសនៃកិច្ចពិភាក្សាទល់មុខគ្នា រវាងថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េខាងត្បូង និង គណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង ដែលដឹកនាំលោក គីម យ៉ុងណាំ ប្រធានសភាជាន់ខ្ពស់ និងអ្នកនាង គីម យ៉ូចុង ដែលដើរតួនាទីជាតំណាងជាន់ខ្ពស់ នៃបងប្រុសបង្កើតរបស់ខ្លួនតែម្តង។
គួរបញ្ជាក់ថា កិច្ចពិភាក្សាទល់មុខគ្នារវាងភាគីកូរ៉េទាំងពីរ ធ្វើឡើងនៅក្នុងវិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House ដោយក្នុងនោះ ប្អូនស្រីលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង បានប្រគល់សំបុត្រមួយដោយផ្ទាល់ ទៅកាន់លោក មូន ជែអ៊ីន ដោយក្នុងនោះគឺជាលិខិតអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ក្នុងវេលាដ៏សមស្របណាមួយ៕