(អាមេរិក)៖ ទីបំផុតបំណែកផ្សំរបស់កែវយឺតអវកាស James Webb ត្រូវបានដឹកជញ្ជូនមកដល់រដ្ឋកាលីហ្វរញ៉ាហើយ សម្រាប់ការដំឡើងក្នុងដំណាក់កាលចុងក្រោយ ដើម្បីត្រៀមរៀបចំលក្ខណៈ សម្រាប់ការបាញ់បង្ហោះនៅឆ្នាំ២០១៩ ខាងមុខ ទៅកាន់ទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយអវកាស-វិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់ NASA បន្ទាប់ពីបានបញ្ជូនមកដល់មជ្ឈមណ្ឌលអវកាសរបស់ ក្រុមហ៊ុន Northrop Grumman ក្នុងក្រុង Redondo Beach នៃរដ្ឋកាលីហ្វរញ៉ា កាលពីដើមខែកុម្ភៈនេះ សមាសធាតុផ្សំទាំងអស់សម្រាប់កែវយឺតអវកាស James Webb នឹងត្រូវដាក់រួមបញ្ចូលគ្នានារដូវក្តៅ ពោលគឺប៉ុន្មានខែខាងមុខនេះ ដើម្បីប្រែក្លាយវាជាផ្លូវការឲ្យទៅជា «Webb Observatory»។
គួរជម្រាបថា Webb Observatory នឹងត្រូវឆ្លងកាត់ការធ្វើតេស្តជាបន្តបន្ទាប់ទៀត ឲ្យល្អិតល្អន់បំផុត ដើម្បីធានាថាត្រៀមខ្លួនរួចរាល់ សម្រាប់ការបាញ់បង្ហោះ ហើយអនុញ្ញាតឲ្យអ្នកវិទ្យាសាស្រ្តស្វែងរកសញ្ញា នៃភពដែលទំនងអាចទ្រទ្រង់ជីវិតបាន នៅជុំវិញផ្កាយឆ្ងាយៗដទៃទៀត ព្រមទាំងសិក្សាទៅលើក្រុមកាឡាក់ស៊ីចំណាស់នៅក្នុងចក្រវាឡ។
បេសកកម្ម James Webb ឬ JWST គឺជាអ្នកស្នងតំណែងបេសកកម្ម នៃកែវយឺតអវកាស Hubble ដ៏ចំណាស់ ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៩៦ម្ល៉េះ។ ដោយឡែកកាលពីពេលកន្លងទៅ គម្រោង JWST ត្រូវបានរៀបចំសាឡើងវិញជាច្រើនដងមកហើយ ដោយរាល់លើកកាលបរិច្ឆេទកំណត់នៃការបាញ់បង្ហោះ ត្រូវបានពន្យាពេលរហូត រួមមានពីឆ្នាំ២០១១ ទៅឆ្នាំ២០១៣, ពីឆ្នាំ២០១៥ ទៅឆ្នាំ២០១៨, និងឥឡូវនេះលើកទៅដល់ឆ្នាំ២០១៩។
កិច្ចព្រមព្រៀងអន្តរជាតិមួយ ជាមួយទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានទាមទារឲ្យអង្គការ NASA វិភាគទៅលើការត្រៀមខ្លួនបាញ់បង្ហោះ របស់កែវយឺតនេះ នៅមួយឆ្នាំមុនកាលបរិច្ឆេទកំណត់ សម្រាប់ការចាប់ផ្តើមបេសកកម្ម ហើយការវាយតម្លៃ បានបង្ខំឲ្យក្រុមមន្ត្រីពាក់ព័ន្ធ ធ្វើការពិចារណាផែនការពួកគេឡើងវិញ និងទីបំផុតក៏បានជំរុញឲ្យ NASA សម្រេចពន្យាពេលសម្រាប់ការបាញ់បង្ហោះ កែវយឺតអវកាស James Webb (JWST) ជាថ្មីម្តងទៀត៕