(តៃវ៉ាន់)៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅក្នុងទីក្រុងហ័រលៀន (Hualien) ភាគខាងកើតកោះតៃវ៉ាន់ បានកើនដល់ ១២នាក់ហើយ ដោយក្នុងនោះ មានជនជាតិចិនតៃវ៉ាន់ ០៥នាក់, ចិនដីគោក ០៤នាក់, ហ្វីលីពីន ម្នាក់ និងកាណាដា ០២នាក់ ខណៈមនុស្ស ២៧៨នាក់ រងរបួសធ្ងន់-ស្រាល។ នេះបើតាមសម្តីក្រុមអ្នកជួយសង្រ្គោះ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។
គួររំលឹកថា បើតាមមជ្ឈមណ្ឌលគ្រោះរញ្ជួយដីចិន គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ បានវាយប្រហារលើទីក្រុង Hualien នៃកោះ តៃវ៉ាន់នៅម៉ោង ១១៖៥០នាទីយប់ថ្ងៃអង្គារ ហើយគ្រោះរញ្ជួយដីនេះទៀតសោត បានបង្កការខូចខាតធ្ងន់ធ្ងរបំផុតលើទីក្រុង Hualien ក្នុងរយៈពេលជាង ០៥ទសវត្សរ៍មកនេះ។ ក្រោយគ្រោះរញ្ជួយដីដ៏កក្រើកខាងលើនេះ ក៏មានគ្រោះរញ្ជួយកម្រិតមធ្យមជាបន្តបន្ទាប់ ចំនួនពីរលើកបន្ថែមទៀតផងដែរ ប៉ុន្តែវាមិនបានបង្កជាគ្រោះហន្តរាយ អ្វីនោះឡើយ៕