(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានជ្រើសរើស​ឧត្តមនាវីឯក លោក ចន អាឃ្វីលីណូ (John Aquilino) ឲ្យកាន់​មុខ​តំណែង​ជា អគ្គមេបញ្ជាការ​កងនាវា​អាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក នៅឯ​កំពង់ផែ ភឺលហាប៊ឺ (Pearl Harbor) រដ្ឋហាវ៉ៃ និងដំឡើងតំណែង​ទៅជានាយ​ឧត្តម​នាវី​ (ផ្កាយបួន)។ នេះបើតាម​សេចក្តីប្រកាស​ធ្វើ​ឡើងដោយ​ប្រមុខការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) ដកស្រង់ដោយ ទីភ្នាក់ងារ​ព័ត៌​មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។

ព្រឹទ្ធសភា​អាមេរិក នឹងបោះឆ្នោតទៅ​លើការជ្រើសតាំង​ខា​ងលើ នាពេលឆាប់ៗ​ខាងមុខនេះ ហើយប្រសិន​បើទទួលបាន​ការអនុញ្ញាត​​ លោក Aquilino ដែលបច្ចុប្បន្ន​ជាមេបញ្ជាការ​កងនាវាអាមេរិក​​នៅតំបន់​មជ្ឈិមបូព៌ា នឹងត្រូវឡើង​កាន់តំណែង​ជំនួស ​នាយឧត្តមនាវី​លោក ស្កុតត៍ ស្វីហ្វត៍ (Scott Swift) ដែលបានប្រកាស​ពីការសម្រេចចិត្ត​លាឈប់ កាលពី​ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីមានករណី​គ្រោះថ្នាក់​ជាបន្តបន្ទាប់​​​​ ពាក់ព័ន្ធនឹង​នាវាចម្បាំង ០២គ្រឿង​មកពីកង​នាវា​ប្រចាំ​តំបន់ប៉ាស៊ីហ្វិក នៅក្បែរ​ប្រទេស​ជប៉ុន និងសិង្ហបុរី កាលពីឆ្នាំមុន ដែលបានផ្តាច់​​ជីវិត​នាវិក ១៧នាក់។

អំឡុងពេលកន្លង​ទៅនេះ មេបញ្ជការទ័ពជើងទឹក​អាមេរិកមួយចំនួន ក៏ត្រូវបានដកតំណែង​ផងដែរ ជុំវិញបញ្ហា​ធ្វេស​​ប្រហែសនេះ ​រួមទាំងមេកង​អង្គភាព​លេខ៧ (7th Fleet) ខណៈដែល​គ្រោះថ្នាក់នាវា​ចម្បាំង ជាមួយនាវាបរទេសបែបនេះ គឺត្រូវបានចាត់ទុក​ជារឿង​អាក្រក់​បំផុត​​ សម្រាប់មុខមាត់មហាអំណាច​អាមេរិក នៅលើឆាក​អន្តរជាតិ។

គួរជម្រាបថា កងនាវាប្រចាំ​ប៉ាស៊ីហ្វិក (Pacific Fleet) របស់​សហរដ្ឋអាមេរិក គឺមានទំហំធំជាងគេ​បង្អស់លើលោក ដោយរួម​មាននូវ​នាវាចម្បាំង​ ព្រមទាំងនាវាមុជទឹក​ប្រហែល ២០០គ្រឿង, យន្តហោះចម្បាំង-យោធា និង​ឧទ្ធម្ភាគចក្រជិត ១,២០០គ្រឿង, និង​ក្រុមនាវិក​ រួមទាំងមន្រ្តីកងទ័ពជើងទឹក​ច្រើនជាង ១៣០,០០០នាក់៕