(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានសម្រេចចេញបញ្ជាឲ្យយោធារបស់ខ្លួន លុបចោលកិច្ចព្រមព្រៀងតម្លៃប្រមាណ ២៣៣លានដុល្លារ ដែលស្តីពីការទិញយកឧទ្ធម្ភាគចក្រចំនួន ១៦គ្រឿង ពីប្រទេសកាណាដា បន្ទាប់ពីរដ្ឋាភិបាលទីក្រុងអូតាវ៉ា បានបង្ហាញពីក្តីព្រួយបារម្ភថា «គ្រឿងយន្តយោធាទាំងនោះ អាចនឹងត្រូវប្រើប្រាស់ ដើម្បីកម្ចាត់ក្រុមឧទ្ទាម នៅប្រទេសហ្វីលីពីន»។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក ឌូតឺតេ បានថ្លែងដូច្នេះថា «ខ្ញុំចង់ប្រាប់ទៅកាន់កងកម្លាំងប្រដាប់អាវុធថា ឲ្យលុបចោលកិច្ចព្រមព្រៀងទិញសព្វាវុធនោះចោលទៅ... កុំបន្តទៅមុខទៀតថ្វី ហើយយើងនឹងស្វែងរកអ្នកផ្គត់ផ្គង់ដទៃទៀត តាមវីធីណាមួយផ្សេង»។ ជាមួយគ្នានេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានបង្គាប់ឲ្យយោធារបស់លោក ឈប់ទិញអាវុធពីកាណាដា ឬមួយក៏សហរដ្ឋអាមេរិកទៀត ពីព្រោះវាតែងតែមានការភ្ជាប់មកជាមួយនូវលក្ខខណ្ឌផ្សេងៗ។
គួរជម្រាបថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហ្វីលីពីន និងកាណាដាបានចុះហត្ថលេខាដោយត្រឹមត្រូវ ទៅលើកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រនេះ។ ប៉ុន្តែមួយថ្ងៃក្រោយមក រដ្ឋាភិបាលទីក្រុងអូតាវ៉ា បានបញ្ជាឲ្យមានការត្រួតពិនិត្យឡើងវិញ ទៅលើកិច្ចព្រមព្រៀង បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានថា ឧទ្ធម្ភាគចក្រទាំងនោះ នឹងត្រូវប្រើប្រាស់ សម្រាប់ប្រតិបត្តិការកម្ចាត់ក្រុមឧទ្ទាម នៅក្នុងប្រទេសហ្វីលីពីន និងដោយសារក្តីព្រួយបារម្ភ អំពីករណីរំលោភសិទ្ធិមនុស្ស។
គួរជម្រាបផងដែរថា ទោះបីរដ្ឋមន្រ្តីការពារជាតិហ្វីលីពីន បានបកស្រាយបញ្ជាក់ថា ឧទ្ធម្ភាគចក្រធុន Bell 412EPI គឺប្រើប្រាស់ជាចម្បងសម្រាប់ ការដឹកជញ្ជូន ជួយសង្រ្គោះ និងឆ្លើយតបគ្រោះមហន្តរាយក៏ដោយ លោក ឌូតឺតេ បានប្រកាសថា លោកទិញពួកវាដោយសារតែលោកចង់កម្ចាត់ក្រុមឧទ្ទាម ម៉ៅអ៊ីស (Maoist) ចោលឲ្យអស់៕